ព័ត៌មានជាតិ

លោក ឡី សុភាព៖ គ្រប់ផលិតផល ត្រូវតែចុះបញ្ជីឲ្យបានត្រឹមត្រូវ ព្រោះមានសារសំខាន់ និងផ្តល់ទំនុកចិត្តខ្ពស់ ដល់អតិថិជន

ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធ ការពារអ្នកប្រើប្រាស់នៅកម្ពុជា បានណែនាំទៅដល់សមាជិក សមាជិការបស់ខ្លួនថា គ្រប់ផលិតផលទាំងអស់ ត្រូវតែចុះបញ្ជីឲ្យបានត្រឹមត្រូវ ព្រោះមានសារសំខាន់ណាស់ ថែមទាំងផ្តល់នូវទំនុកចិត្តខ្ពស់ ទៅដល់អតិថិជន​ អ្នកប្រើប្រាស់ផងដែរ ។

នេះជាការលើកឡើងជុំវិញ ការប្រកាសចុះបញ្ជីផលិតផលធំៗ ចំនួន៤មុខ នៃក្រុមហ៊ុនពេញវង្ស ក្នុងកម្មវិធីប្រកាស ការចុះឈ្មោះផលិតផលក្នុងបញ្ជី របស់សមាគមសហព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា នៅសាលអាគារ The Grand Terrace ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ។

លោកបណ្ឌិត ឡី សុភា បានលើកឡើងថា “ថ្ងៃនេះជាថ្ងៃទំព័រប្រវត្តិសាស្ត្រ នៅកម្ពុជា ដែលយើងចាប់ផ្តើម ចុះបញ្ជីផលិតផលជាផ្លូវការ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសច្បាប់ កិច្ចការពារអ្នកប្រើប្រាស់ គឺយើងចាប់ផ្តើមចុះបញ្ជី ជាលើកដំបូងនៅថ្ងៃនេះ ដើម្បីជូនទៅដល់សារព័ត៌មានជាតិ និងអន្តរជាតិដឹងថា កម្ពុជានឹងចាប់ផ្តើមតម្រង់ទិស ទាក់ទងទៅនឹងផលិតផលនៅកម្ពុជា ។ បើគ្មានយន្តការ នៃកិច្ចការពារនេះទេ ប្រជាពលរដ្ឋ នៅពេលប្រើប្រាស់ ផលិតផលណាមួយ មិនអាចដឹងច្បាស់ទេ ថាផលិតផលណាពិតប្រាកដ ផលិតផលណាមួយក្លែងក្លាយ” ។

ក្នុងនោះលោកបណ្ឌិត ក៏បានលើកឡើង នូវកិច្ចការងារចម្បង របស់សមាគម ដែលបានខិតខំនិងបន្ត អនុវត្តរហូតមក នោះគឺសមាគមធ្វើការ ជាតំណាងឲ្យប្រជាពលរដ្ឋ សមាគមគាំទ្រដល់រាជរដ្ឋាភិបាល និងមួយទៀត ឈរលើការការពារ នៅលើម្ចាស់ទំនិញ ដែលនាំឲ្យសមាគម ក្លាយជាសមាគមឯករាជ្យមួយ ដែលបានយកច្បាប់ជាតិ និងច្បាប់អន្តរជាតិជាគោល ហើយមានការសហការជាមួយ ឡាបូរជាតិ និងអន្តរជាតិ ដើម្បីធ្វើការផ្ទៀងផ្ទាត់ ដើម្បីឲ្យមាននិរន្តរភាព ។

ប្រធានសមាគមសហព័ន្ធ ការពារអ្នកប្រើប្រាស់នៅកម្ពុជា បានធ្វើការគូសបញ្ជាក់ថា ការប្រារព្ធពិធី អបអរសាទរ ការចុះឈ្មោះផលិតផលក្នុងបញ្ជី ផលិតផលធំៗចំនួន៤មុខ នៃក្រុមហ៊ុនពេញវង្ស​ ជាមួយសមាគមសហព័ន្ធការពារ អ្នកប្រើប្រាស់នៅកម្ពុជា នាឱកាសនេះ បានឆ្លុះបញ្ជាំង និងជាសាក្សីភាព បញ្ជាក់នូវភាពស្របច្បាប់ពេញលេញ នូវរាល់ផលិតផលទាំងឡាយ ដែលបានចុះបញ្ជីរួចរាល់ និងប្រៀបបានជាឯកសារផ្លូវច្បាប់ សម្រាប់ផ្តល់នូវទំនុកចិត្តខ្ពស់ ទៅដល់អតិថិជនអ្នកប្រើប្រាស់ ព្រមទាំងមានសារសំខាន់ និងជាមោទនភាព ទៅដល់ភ្នាក់ងារចែកចាយនីមួយៗ ដែលបញ្ជាក់ថា ទំនិញទាំងនេះ បានចុះបញ្ជីធ្វើការប្រើប្រាស់ ។

លោកថែមទាំងបានបញ្ជាក់ថា កាលណាដែលទំនិញមួយ ត្រូវបានចុះក្នុងបញ្ជីរួចរាល់ហើយ ទំនិញនោះនឹងអាចក្លាយជា តំណាង នៃរបស់ផលិតផលផ្សេងៗ ឬអាចនិយាយបានម្យ៉ាងទៀតថា ទូតសុច្ឆន្ទៈមួយ ។

លោកថា “សមាជិក សមាជិកាទាំងអស់ សុទ្ធតែអាចធ្វើជាតំណាង នៃផលិតផលដែលបានចុះបញ្ជី សម្រាប់ធ្វើការដោះដូរពាណិជ្ជ នៃការរកស៊ីបាន ទាំងនេះ ជាទំនិញដែលត្រូវការយកទៅប្រើប្រាស់ ក្នុងការចែកចាយជាផ្លូវការ ដែលសមាគមសហព័ន្ធ ការពារអ្នកប្រើប្រាស់​ នៅកម្ពុជា បានចុះបញ្ជីសម្រាប់ជាការការពារ និងបញ្ជាក់អំពីទំនិញស្របច្បាប់”៕

To Top