ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជាមិនមានភាពលោភលន់ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩នោះទេ គ្រាន់តែចង់បានឧបករណ៍ក្នុងដៃ (វ៉ាក់សាំងកូវីដ១៩) សម្រាប់ទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមើលមិនឃើញនាពេលខាងមុខ។
ថ្លែងចេញពីក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ របស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា «យើងមិនលោភលន់នោះទេ ប៉ុន្តែគេឱ្យយើងនៅតែទទួល ហើយទោះបីឱ្យតែ១០០ដូស ក៏ខ្ញុំចេញទៅទទួលដែរ អានឹងជំនួយទ្វេភាគី ប៉ុន្តែមកតាមកូវ៉ាក់ គឺរដ្ឋមន្រ្តីក្រសួងសុខាភិបាល ចេញទទួលទៅ»។
ក្នុង ឱកាសនោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា អូស្រ្តាលីនឹងត្រៀមផ្ដល់នូវវ៉ាក់សាំង ប្រភេទ Pfizer សម្រាប់កូនក្មេង ឱ្យមកកម្ពុជា។ ប៉ុន្តែនៅតែរង់ចាំពីខាងភាគីកម្ពុជា ថាសម្រេចឱ្យមកពេលណា។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឱ្យដឹងផងដែរថា មានប្រទេសជាច្រើនទៀត បានសន្យាផ្ដល់វ៉ាក់សាំងជូនកម្ពុជាបន្ថែមទៀត ក្នុងនោះមាន ប៉ូឡូញ អេស្ប៉ាញ ចិន(១៥លានដូស) សហរដ្ឋអាមេរិក តាមរយៈកូវ៉ាក់ (៧លាន ៥សែនដូស) ថែមទៀត ។
សម្ដេចថា បើយើងយកមករហ័សពេក ក៏ចាក់មិនទាន់ដែរ ព្រោះវ៉ាក់សាំងយើងនៅសល់ ១១លានដូសទៀត នៅក្នុងឃ្លាំង។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «យើងមិនលោភលន់នោះទេ តែយើងត្រូវការមានឧបករណ៍ក្នុងដៃ ខ្ញុំសូមបញ្ជាក់ថា ដំណាក់កាលទី១ ជំនួយមកសម្រាប់យើងគឺតិចទេ ប៉ុន្តែយើងទិញខ្លួនឯងរហូតទៅដល់២៨លាន ៥សែនដូស ដូច្នេះបានន័យថាសម្រាប់ចាក់ម្នាក់ពីរដូស គឺចាក់លុយខ្លួនឯង»៕