“យើងដាស់តឿនអាជ្ញាធរ សហរដ្ឋអាមេរិក ឱ្យចាត់ប្រតិបត្តិការ ដោយសមរម្យទាំងអស់ គោរពតាមកាតព្វកិច្ច ខាងសិទ្ធិមនុស្សអន្តរជាតិ ផ្លាស់ប្តូរសកម្មភាព ឯកតោភាគីរបស់ខ្លួន ក៏ដូចជាត្រូវដើរស្រប តាមទិសដៅជាមួយ កិច្ចខិតខំប្រឹងប្រែងអន្តរជាតិ សម្រាប់ទប់ទល់នឹងវិបត្តិមនុស្សធម៌ នៅអាហ្វហ្កានីស្ថាន ។”
នាពេលថ្មីៗកន្លងទៅនេះ អ្នកជំនាញឯករាជ្យខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ចំនួន ១៤ រូប បានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដោយទាមទារឱ្យរដ្ឋាភិបាលអាមេរិក លុបចោលការបង្កកទ្រព្យសម្បត្តិ ចំនួនជាងរាប់ពាន់លានដុល្លារអាមេរិក របស់ធនាគារកណ្តាល អាហ្វហ្កានីស្ថាន នៅសហរដ្ឋអាមេរិក ។
ការថ្កោលទោសនិងការអំពាវនាវ ពីប្រព័ន្ធអង្គការសហប្រជាជាតិនេះ មិនត្រឹមតែជាស្នូរសម្រែកតវ៉ា ចំពោះសហរដ្ឋអាមេរិក ស្តីពីការជាន់ឈ្លីលើក្រឹតក្រមអន្តរជាតិ និងបំពានយ៉ាងគឃ្លើន នូវសិទ្ធិមនុស្ស របស់ប្រទេសដទៃប៉ុណ្ណោះទេ ថែមទាំងក៏បានបញ្ចេញសំឡេង របស់សហគមន៍អន្តរជាតិ ដែលរងការគាបសង្កត់ ពីសហរដ្ឋអាមេរិក ជាយូរណាស់មកហើយផងដែរ ។
យោងតាមលទ្ធផលវាយតម្លៃ របស់ទីភ្នាក់ងារអន្តរជាតិ បានបង្ហាញថា បច្ចុប្បន្ននេះ ប្រជាជនជាង ២៣លាននាក់ នៅប្រទេសអាហ្វហ្កានីស្ថាន ត្រូវការជំនួយជាស្បៀងអាហារជាបន្ទាន់ ហើយប្រជាជនប្រហែល ៩៥ ភាគរយ គ្មានចំណីអាហារគ្រប់គ្រាន់ ។ លើសពីនេះទៅទៀត ក៏មានប្រជាជនអាហ្វហ្កានីស្ថាន ចំនួនជាង ៤ លាននាក់គ្មានទីជម្រកដែរ ។
តើនរណាជាអ្នកញុះញង់ បង្កទុក្ខវេទនាទាំងអស់នេះ ? ចម្លើយគឺ សហរដ្ឋអាមេរិកហ្នឹងឯង ។ កាលពីឆ្នាំ ២០០១ សហរដ្ឋអាមេរិក បានបំផុសសង្រ្គាម នៅអាហ្វហ្កានីស្ថាន ដោយយក “ប្រឆាំងភេរវកម្ម” ធ្វើជាលេស” ។ សង្គ្រាមនេះបានដំណើរការ អស់រយៈពេល ២០ឆ្នាំ ដែលបានបណ្តាលឱ្យ ជនស៊ីវិលអាហ្វហ្កានីស្ថាន ជាង ១០ម៉ឺននាក់ បានស្លាប់បាត់បង់ជីវិត ហើយប្រហែល ១១ លាននាក់ បានក្លាយជាជនភៀសខ្លួន ។
បទឧក្រិដ្ឋកម្ម ដ៏ឃោរឃៅគ្រប់បែបយ៉ាង របស់កងទ័ពអាមេរិក ដែលសម្លាប់រង្គាល ជនស៊ីវិលឥតទោសពៃរ៍ នៅអាហ្វហ្កានីស្ថាន បានធ្វើឱ្យទូទាំងពិភពលោកភ្ញាក់ផ្អើល និងខឹងសម្បាយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា ចំណែកឯទង្វើរបស់អាមេរិក ដែលបានប្រព្រឹត្តិនៅប្រទេសអាហ្វហ្កានីស្ថាន គ្រាន់តែជាមួយជ្រុងតូច នៃការរំលោភបំពាន លើអធិបតេយ្យភាព និងសិទ្ធិមនុស្ស របស់ប្រទេសដទៃទៀតប៉ុណ្ណោះ ។ ពីប្រទេសអ៊ីរ៉ាក់ដល់ស៊ីរី ពីគុយបាដល់អ៊ីរ៉ង់ ដើម្បីស្វែងរកអនុត្តរភាព ដ៏ខ្លាំងក្លារបស់ខ្លួន សហរដ្ឋអាមេរិក បានបំផុសសង្គ្រាម ឬដាក់ទណ្ឌកម្ម ដោយផ្តេសផ្តាសក្រោមលេសអ្វី ដែលហៅថា “ប្រជាធិបតេយ្យ” “សិទ្ធិមនុស្ស”និង”សេរីភាព” ក៏ដូចជាបាននិងកំពុង បង្កសោកនាដកម្មកាន់តែច្រើន និងមានភាពកាន់តែអាប់អួរទៅៗ នៅតំបន់នានាលើពិភពលោក ដែលបង្កការរិះគន់យ៉ាងខ្លាំង លើឆាកអន្តរជាតិ ។
ក្នុងនាមជាអ្នកបង្ក និងជាអ្នកញាក់ខ្សែពីក្រោយដ៏ធំបំផុត នៃវិបត្តិអ៊ុយក្រែន ចាប់តាំងពីការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន បានផ្ទុះឡើងអស់រយៈពេលជាង ២ ខែមក សហរដ្ឋអាមេរិក បានអនុម័តផ្តល់សព្វាវុធចំនួន ៨ លើកដល់អ៊ុយក្រែន ជំនួយយោធា មានតម្លៃសរុបប្រហែល ៣ ពាន់ ៧រយលានដុល្លារអាមេរិក ក្នុងន័យបង្ករឿងហេតុ ដល់ស្ថានការណ៍រវាងរុស្ស៊ី និងអ៊ុយក្រែនជាបន្តបន្ទាប់ ។ ក្នុងក្រសែភ្នែករបស់អ្នកនយោបាយអាមេរិក ការប៉ះទង្គិចរវាងរុស្ស៊ី និងអ៊ុយក្រែន បានបន្តកាន់តែយូរ អាមេរិកនឹងចាំទទួលបាន ផលប្រយោជន៍កាន់តែច្រើន ។
អ្វីដែលគួរឱ្យយកចិត្តទុកដាក់នោះគឺ បច្ចុប្បន្ននេះ ជនភៀសខ្លួនរបស់អ៊ុយក្រែន ចំនួនជាង ៥ លាននាក់បានលំហូរ ចូលក្នុងដែនប្រទេសជិតខាងនៃអឺរ៉ុប ។ ប្រឈមនឹងវិបត្តិជនភៀសខ្លួនដ៏ធ្ងន់ធ្ងរបំផុត នៅអឺរ៉ុប បន្ទាប់ពីបញ្ចប់សង្គ្រាម លោកលើកទី ២ មេដឹកនាំអាមេរិក បានអះអាងថា មានឆន្ទៈទទួលយក”ជនភៀសខ្លួន ១០ ម៉ឺននាក់” ប៉ុន្តែតាមការពិត អាមេរិក បានទទួលយកជនភៀសខ្លួនតែ ១២ នាក់ក្នុងខែមីនា ប្រៀបដូចជាចេញសែកស្អុយមួយ ។
ការពិតជាក់ស្តែង បានបញ្ជាក់ម្តងហើយម្តងទៀតថា អ្នកនយោបាយអាមេរិក ដែលបំផ្លិចបំផ្លាញ ដល់សណ្តាប់ធ្នាប់អន្តរជាតិ និងជាន់ឈ្លីលើក្រឹតក្រមអន្តរជាតិទាំងនោះ គ្មានលក្ខណសម្បត្តិ អីមកពិភាក្សាពី “ប្រជាធិបតេយ្យ” និង “សិទ្ធិមនុស្ស”នោះទេ ។ ប្រឈមមុខនឹងស្នូរសម្រែកតវ៉ារួម របស់អ្នកជំនាញខាងសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ រដ្ឋាភិបាលអាមេរិក កុំធ្វើពុតជាស្តាប់មិនឮនោះឡើយ ។ ពិភពលោកទាំងមូលកំពុងរង់ចាំ ការឆ្លើយតបរបស់ “អ្នកគាំពារសិទ្ធិមនុស្ស” !