នយោបាយ

សម្តេច ស ខេង ណែនាំអាជ្ញាធរ ត្រូវមានជំហរអព្យាក្រឹត្យ តាមបទបញ្ជា ស្តីពីការបោះឆ្នោត និងបង្កលក្ខណៈងាយស្រួល ដល់គ្រប់បក្សនយោបាយ (Video)

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត(គ.ស.អ) បានណែនាំដល់អាជ្ញាធរ ត្រូវមានជំហរអព្យាក្រឹត្យ គោរពច្បាប់ និងបទបញ្ជាស្តីពីការបោះឆ្នោត និងមានក្រមសីលធម៌ ដោយត្រូវបង្កលក្ខណៈងាយស្រួល និងផ្តល់សេវាសន្តិសុខដល់ គ្រប់គណបក្សនយោបាយទាំងអស់។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការអន្តរស្ថាប័ន ស្តីពីកិច្ចការពារការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០២២-២០២៤ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេច ស ខេង បានក្រើនរំលឹកទៅដល់ គណៈបញ្ជាសន្តិសុខអចិន្ត្រៃយ៍ កងកម្លាំង ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវចំពោះភារកិច្ច របស់ខ្លួនក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតដែលជា ដំណាក់កាលយ៉ាងសំខាន់។

សម្ដេច បញ្ជាក់ថា «អំពាវនាវដល់គ្រប់គណបក្សនយោបាយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សូមចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សារធារណៈសម្រាប់ការបោះឆ្នោត ដើម្បីធ្វើឱ្យដំណើរការ បោះឆ្នោតនាពេលខាងមុខនេះ ក៏ដូចជាការបោះឆ្នោតជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ មិនមានអំពើហិង្សា គ្មានការគំរាមកំហែង សេរី ត្រឹមត្រូវយុត្តិធម៌ និងមានតម្លាភាព»។

នាឱកាសនោះ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា ផែនការអន្តរស្ថាប័ន មានយន្តការ និងរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ត្រូវចាត់ចែងភ្នាក់ងារសន្តិសុខបោះឆ្នោត ឲ្យការពារមុខសញ្ញា និងគោលដៅសំខាន់ៗ តាមសំណូមពរចាំបាច់របស់ គ.ជ.ប ឬ និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់ដាប់ថ្នាក់ ។ ចំពោះមុខសញ្ញា ឬគោលដៅខ្លះ គួរត្រូវបានរៀបចំការពារជារួម ឬប្រយោល ពីព្រោះមិនមានលទ្ធផលប្រើប្រាស់កម្លាំង ដើម្បីការពារផ្ទាល់ ចំពោះគ្រប់មុខសញ្ញា ឬនៅគោលដៅនីមួយៗបានទេ ។

នាយឧត្តមសេនីយ៍ បានបន្តថា សម្រាប់មុខសញ្ញាការពារជាអទិភាព មានសមាជិក គ.ជ.ប និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់, ក្រុមចុះឈ្មោះបោះឆ្នោត និងក្រុមប្រឹក្សាឃុំសង្កាត់ ប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បេក្ខជន និងអ្នកគាំទ្រ ពលរដ្ឋមានសិទ្ធិបោះឆ្នោត, អ្នកសង្កេតការណ៍បោះឆ្នោត តំណាងរបស់អង្គការមិនមែនរដ្ឋាភិបាល ឬប្រទេសនានា៕

To Top