ព័ត៌មានអន្តរជាតិ

ប្រជាជនអាល្លឺម៉ង់ ប្រតិកម្មនឹងការខ្វះខាតថាមពល និងជំនួយអាវុធ ទៅឱ្យអ៊ុយក្រែន

បរទេស៖ សូម្បីតែសភា Bundestag បានបោះឆ្នោតឱ្យបញ្ជូនអាវុធធុនធ្ងន់ ទៅកាន់អ៊ុយក្រែនក៏ដោយ ក៏ប្រជាជនអាល្លឺម៉ង់ភាគច្រើនបារម្ភថា ការបន្តផ្គត់ផ្គង់សព្វាវុធ ទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ អាចបណ្តាលឱ្យជម្លោះរីករាលដាល ដល់ប្រទេសផ្សេងទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រជាជនទីក្រុងប៊ែរឡាំង ក៏កំពុងស្វែងរកវិធីដើម្បីទប់ទល់នឹង ការកើនឡើងនៃតម្លៃថាមពល ដែលបណ្តាលមកពីការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុបប្រឆាំងនឹង ប្រទេសរុស្ស៊ីផងដែរ, នេះបើយោងតាមបទសម្ភាសន៍ជាមួយបណ្តាញ Telegram ។

កាលពីថ្ងៃព្រហស្បតិ៍ សភាអាល្លឺម៉ង់បានបោះឆ្នោតដោយសំឡេង 586-100 ដើម្បីផ្គត់ផ្គង់អ៊ុយក្រែន នូវសព្វាវុធធុនធ្ងន់ ទោះបីជាអធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានព្រមានកាលពីសប្តាហ៍មុនថា ឃ្លាំងស្តុករបស់ Bundeswehr ជិតអស់ក៏ដោយនោះ។

ការស្ទង់មតិថ្មីៗនេះបានបង្ហាញថា 56% នៃជនជាតិអាល្លឺម៉ង់មានការព្រួយបារម្ភថា ការបន្តផ្គត់ផ្គង់អាវុធនេះអាចបណ្តាលឱ្យ ជម្លោះរីករាលដាលដល់ប្រទេសផ្សេងទៀត ខណៈដែលមានតែ 26% ប៉ុណ្ណោះដែលជឿថា មានដំណោះស្រាយយោធា ចំពោះវិបត្តិអ៊ុយក្រែន។ ប៉ុស្តិ៍ Telegram មួយដែលមានឈ្មោះថា ‘Kanzlerdaddy’ បានសម្ភាសអ្នកដំណើរមួយចំនួន នៅតាមដងផ្លូវនៃរដ្ឋធានី ដើម្បីមើលថាតើការសម្រេចចិត្តរបស់ Bundestag ឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនដែរឬទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top