ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានវាយប្រហារដោយផ្ទាល់ ទៅលើអ៊ីស្រាអ៊ែល

បរទេស៖មេដឹកនាំក្រុម Hezbollah កាលពីថ្ងៃសុក្របានធ្វើការព្រមានសាជាថ្មីថាប្រសិនបើអ៊ីស្រាអ៊ែលនៅតែបន្តធ្វើការវាយប្រហារ សំដៅលើជនជាតិអ៊ីរ៉ង់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសស៊ីរី បន្តទៀតនោះរដ្ឋាភិបាលទីក្រុងតេហរ៉ង់ នឹងបើកការវាយប្រហារដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីស្រាអ៊ែលវិញ។

មេដឹកនាំរូបក៏បានព្រមានទីក្រុង Tel Aviv ទៀតថាកងកម្លាំងយោធា Shia militia របស់ខ្លួនគឺបានដាក់កម្រិតប្រកាសអាសន្ន ក្នុងកម្រិតខ្ពស់ រួចទៅហើយក្នុងការតាមឃ្លាំមើល ចំពោះសមយុទ្ធយោធារបស់អ៊ីស្រាអ៊ែលនៅក្បែរទៅនឹងប្រទេសលីបង់។

លោក Hassan Nasrallah មេដឹកនាំរបស់ក្រុម Hezbollah ថា៖នៅក្នុងស្ថានភាពដែលអ៊ីស្រាអ៊ែលនៅតែបង្កការធ្វើទុក្ខចំពោះជនជាតិអ៊ីរ៉ង់នៅក្នុងតំបន់នោះអ៊ីរ៉ង់នឹងបើកការវាយប្រហារដោយផ្ទាល់ ជាមិនខានទៅលើប្រទេសអ៊ីស្រាអ៊ែល។

ការថ្លែងបែបនេះធ្វើឡើងដើម្បីជាការឆ្លើយតបសំដៅទៅនឹងការវាយប្រហារជារឿយៗដោយរដ្ឋាភិបាលអ៊ីស្រាអ៊ែលតាមរយៈមីស៊ីលសំដៅជនជាតិអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីនាពេលកន្លងមកហើយរដ្ឋាភិបាលអ៊ីស្រាអ៊ែលមិនបានលាក់លៀមទេថាការវាយប្រហារនេះគឺសំដៅលើជនជាតិអ៊ីរ៉ង់តែម្តងដែលចុងក្រោយនេះវាទើបនឹងបានកើតឡើងកាលពីថ្ងៃពុធកន្លងមកនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top