ព័ត៌មានអន្តរជាតិ

ហុងគ្រី​អះអាងថា ប្រទេសអឺរ៉ុប១០ កំពុងទិញហ្គាសរុស្សី ដោយលុយរូប យ៉ាងស្ងប់ស្ងាត់

បរទេស ៖ មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេសហុងគ្រីលោក Gergely Gulyas ដែលបានថ្លែងប្រាប់ ទៅកាន់ស្ថានីយវិទ្យុ កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះថា ទោះបីជាបានប្រកាសអះអាងថា មិនធ្វើការទូទាត់លុយ ជាលុយរូប របស់រុស្សីក្តី ប៉ុន្តែប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន១០ ពេលនេះកំពុងលួចធ្វើការ បញ្ជាទិញហ្គាស របស់រុស្សីជាធម្មតា។

លោក Gulyas បានបន្តទៀតថា សម្រាប់ហុងគ្រីវិញ ចំពោះការបញ្ជាទិញហ្គាស របស់រុស្សី ខ្លួនបានបើកគណនេយ្យ ជាលុយអឺរ៉ូ ជាមួយនឹងធនាគារ Gazprombank របស់រុស្សី ដែលការទូទាត់លុយ នឹងធ្វើឡើងជាលុយអឺរ៉ូមុន ពេលដែលវាត្រូវបានដោះដូរ ជាលុយរូប និងផ្ទេរវាទៅកាន់ក្រុមហ៊ុន អ្នកផ្គត់ផ្គង់ហ្គាសរបស់រុស្សី ។ ប្រព័ន្ធទូទាត់លុយ បែបនេះគឺបានអនុញ្ញាតិ ឲ្យអឺរ៉ុបនៅតែអាចបញ្ជាទិញហ្គាស របស់រុស្សីតាំងតែពីចុងខែមិនាមកម្ល៉េះ។

លោកបន្តថា ទោះបីជាយ៉ាងណាក្តី បណ្តាប្រទេសអឺរ៉ុបទាំងនោះ បានប្រើប្រាស់ប្រព័ន្ធទូទាត់លុយ បែបនេះ ដូចហុងគ្រីដែរ ប៉ុន្តែក្នុងនាមជាមេដឹកនាំប្រទេស ពួកគេហាក់ដូចជាមិន មានភាពស្មោះត្រង់ ក្នុងការនិយាយជាសាធារណៈឡើយ ទៅកាន់អន្តរជាតិ និងក៏ដូចជាពលរដ្ឋ ផ្ទាល់របស់គេ។

គួរឲ្យដឹងដែរថា មកដល់ពេលនេះប្រទេសរុស្សី បានប្រកាសកាត់ផ្តាច់ការ ផ្គត់ផ្គង់ចំពោះប្រទេសប៉ូឡូញ និងប្រទេសប៊ុលហ្គារី រួចទៅហើយនិង កំពុងបន្តដំណើរ ការតាមផ្លូវច្បាប់ កាត់ផ្តាច់ ការផ្គត់ផ្គង់ហ្គាស ជាមួយនឹងបណ្តាប្រទេស អឺរ៉ុបផ្សេងទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top