ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ៖ វត្តមានរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ពិតជាបង្ហាញនូវការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ ដល់សមណនិស្សិត និងនិស្សិតក្រីក្រ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា វត្តមានរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាឱកាសនេះ ពិតជាបង្ហាញនូវការ លើកទឹកចិត្ត និងការយកចិត្តទុកដាក់ ដល់សមណនិស្សិត និង និស្សិត ក្រីក្រដែលមិនមានលទ្ធភាពទៅសិក្សានៅសាលាឯកជន ហើយវាក៏ជាការគិតគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះនៅរសៀលថ្ងៃទី ២ ខែឧសភាឆ្នាំ២០២២ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ផ្លូវការអាគារសិក្សា អាគាររដ្ឋបាល និងពិធីប្រគេន-ប្រគល់សញ្ញាបត្រជូនសមណនិស្សិត និសិ្សតថ្នាក់បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅវត្តសុទស្សនារាមជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា រាជាណាចក្រកម្ពុជា គឺបានអភិវឌ្ឍន៍គ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ ដោយបានចាត់ទុកពុទ្ធចក្រនិងអាណាចក្រ គឺជាកង់ទាំងគូរសម្រាប់ទ្រទ្រង់ជាតិ និងនាំជាតិឆ្ពោះទៅកាន់វឌ្ឍនភាព ដែលមិនអាចខ្វះកង់ចក្រមួយណាបានឡើយ ទោះបីជាបច្ចុប្បន្នវិស័យអប់រំខាងអាណាចក្រមានការីកចម្រើន ក៏នៅតែត្រូវការខាងពុទ្ធចក្រ ប្រៀបដូចជាជើងឆ្វេង និងជើងស្តាំ សម្រាប់ទ្រទ្រងដងខ្លួនទាំងមូល បើយើងក្រឡេកមើលពីអតីតកាលវិស័យពុទ្ធចក្រ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ដូចនេះ យើងអាចនិយាយបានថា វិស័យពុទ្ធចក្រ គឺជាប្រភពនៃការអប់រំ និងជាកំលាំងចលករ ដែលមិនអាចខ្វះបាន តួយ៉ាងសមិទ្ធិផលនានា មានជាអាទិ៍វត្តអារាម និងសមិទ្ធផលនានាជាច្រើនឥតគណនាបាន គឺសុទ្ធតែកើតចេញពីកម្លាំង មហាសាមគ្គី និងជំនឿដ៏មុតមាំ របស់ប្រជាពលរដ្ឋចំពោះព្រះពុទ្ធសាសនា។ គ្រប់សមិទ្ធិផលទាំងអស់ ដែលយើងមានសព្វថ្ងៃវាជាភស្តុតាង ដែលបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ប្រទេសជាតិពីសំណាក់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ផលប្រយោជន៍ជាតិ និងសុខទុក្ខរបស់ប្រជាពលរដ្ឋជាធំ។

ជាងនេះទៅទៀត គ្រប់កាលៈទេសៈ សម្ដេចតេជោ តែងបានគិតគូរជាប់ជាប្រចាំអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយតែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍ ដោយមិនមានពេលណាមួយ ដែលទុកប្រជាពលរដ្ឋចោល នោះឡើយ។ ពិសេសគុណបំណាច់ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ បានការពារ និងស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជាពីជំងឺដ៏មហាប្រល័យកូវីដ-១៩ បានញ៉ាំងចិត្តឱ្យយើងខ្ញុំទាំងអស់គ្នាដឹងគុណជានិច្ច ចំពោះការគិតគូរពីសំណាក់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយយើងខ្ញុំទាំងអស់គ្នា ប្តេជ្ញាគាំទ្រ សម្តេចអគ្គមហាសេនាបតី ហ៊ុនសែន ជានាយករដ្ឋមន្ដ្រីអាណាត្តិទី៧ និងអាណត្តិក្រោយៗទៀត តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍភាពរុងរឿងបន្ថែមទៀត៕

To Top