ព័ត៌មានជាតិ

មជ្ឈមណ្ឌល ភស្ដុភារកម្មភ្នំពេញ នឹងបង្កើតប្រព័ន្ធអេកូឡូជីស្ទីក ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃ ដើមដឹកជញ្ជូន

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានថ្លែងថា មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងបង្កើតប្រព័ន្ធ អេកូឡូជីស្ទីក ប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូន ដើម្បីលើកកម្ពស់កំណើន សេដ្ឋកិច្ចជាតិផងដែរ។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈ (MOU) រវាងក្រុមហ៊ុន YCH Group និង WorldBridge Group ស្តីពីការសហការ អភិវឌ្ឍន៍ និងដំណើរការ មជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ នាថ្ងៃទី៣ មេសា លោក ស៊ុន ចាន់ថុល បានអបអរសាទរ ចំពោះក្រុមហ៊ុនទាំងពីរ បានសហការគ្នា ក្នុងការអភិវឌ្ឍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ និងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈ MOU នេះ ការអភិវឌ្ឍមជ្ឈមណ្ឌល ភស្តុភារកម្មភ្នំពេញ នឹងទទួលបានជោគជ័យ។

លោកបញ្ជាក់ថា « មជ្ឈមណ្ឌលភស្តុភារ កម្មភ្នំពេញនេះ មានតួនាទីយ៉ាងសំខាន់ មិនគ្រាន់តែការពង្រឹងការ តភ្ជាប់របស់កម្ពុជា ជាមួយនឹងលំហូរ ពាណិជ្ជកម្មឆ្លងព្រំដែន (ជាពិសេសក្នុងចំណោម ប្រទេសក្នុងតំបន់ ទន្លេមេគង្គ) ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការដឹកជញ្ជូនពហុមធ្យោបាយ នៅប្រទេសកម្ពុជា តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានបង្កើតប្រព័ន្ធអេកូឡូជីស្ទីកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយថ្លៃដើមដឹកជញ្ជូន ធ្វើឲ្យប្រសើរឡើងនូវការប្រកួតប្រជែង សមាហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់ ជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច»។

លើសពីនេះ លោកទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណ ដល់ដៃគូអភិវឌ្ឍន៍រួមមាន ៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ(IFC) ធានាគារអភិវឌ្ឍន៍អាស៊ី ក្រុមហ៊ុន Infrastructure Asia បានជួយគាំទ្រដល់គម្រោង PPLCនេះ និងបានថ្លែងអំណរគុណ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអន្តរក្រសួងដែលពាក់ព័ន្ធ បានសហការ និងជួយគាំទ្រដល់ការជំរុញការអភិវឌ្ឍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញនេះ ។

សូមរំលឹកថា កម្ពុជា បានប្រកាសពីចក្ខុវិស័យ របស់ខ្លួនក្នុងការប្រែក្លាយជា មជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់ នៅក្នុងផែនការមេនៃការតភ្ជាប់ និងប្រព័ន្ធភស្តុភារអន្តរកម្ម ចក្ខុវិស័យនេះ មានគោលបំណងយុទ្ធសាស្ត្រចំនួន៣ រួមមាន ៖ ដើម្បីជំរុញការតភ្ជាប់ ពាណិជ្ជកម្មក្នុងតំបន់, តភ្ជាប់តំបន់ឥណ្ឌូចិនជាមួយប្រទេសចិន, ទាក់ទាញអ្នកវិនិយោគបន្ថែមទៀត មកបង្កើតអាជីវកម្ម និងរោងចក្រផលិត នៅប្រទេសកម្ពុជា៕

To Top