ព័ត៌មានអន្តរជាតិ

OPEC+ ប្រកាន់ខ្ជាប់នូវការ ជំរុញទិន្នផលតិចតួច បើទោះបីជាតម្លៃប្រេង កើនឡើងក៏ដោយ

ញូវយ៉ក៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+ បានថាពួកគេនឹងប្រកាន់ខ្ជាប់នូវផែនការ ដែលមានស្រាប់ សម្រាប់ការកើនឡើងផលិតកម្ម ប្រេងតិចតួចនៅក្នុងខែមិថុនា បើទោះបីជាតម្លៃប្រេងឆៅ កើនឡើងក៏ដោយ។

សម្ព័ន្ធភាពបានអះអាងជាថ្មីថា “ការសម្រេចចិត្តកែសម្រួលការកើនឡើង នៃផលិតកម្មរួមប្រចាំខែត្រឹម ៤៣២០០០បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែមិថុនា ឆ្នាំ២០២២” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC និងមិនមែន OPEC លើកទី២៨ ។

OPEC + បានកត់សម្គាល់នៅ ក្នុងសេចក្តីថ្លែងការណ៍ “ផលប៉ះពាល់បន្តនៃកត្តាភូមិសាស្ត្រនយោបាយ និងបញ្ហាទាក់ទងនឹងជំងឺរាតត្បាត ដែលកំពុងបន្ត” នៅលើទីផ្សារប្រេង។

ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធភាពបានទទូចថា មូលដ្ឋានគ្រឹះនៃទីផ្សារប្រេង និងការយល់ស្របលើ ទស្សនវិស័យរបស់ខ្លួននៅតែ “ចង្អុលទៅទីផ្សារដែលមានតុល្យភាព”។

ការសម្រេចចិត្តនេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីសហភាពអឺរ៉ុប កាលពីថ្ងៃពុធបានបង្ហាញពីផែនការ ដើម្បីបញ្ឈប់ការនាំចូលប្រេងពីរុស្ស៊ី ដែលបានជំរុញឱ្យតម្លៃប្រេងកើនឡើង ចំពេលមានការព្រួយបារម្ភ អំពីការផ្គត់ផ្គង់កើនឡើង។

ផ្សារភាគហ៊ុន West Texas Intermediate (WTI) សម្រាប់ចែកចាយនៅខែមិថុនា បានកើនឡើង ៥,៣ ភាគរយ មកនៅត្រឹម ១០៧,៨១ដុល្លារអាមេរិក ក្នុងមួយបារ៉ែលកាលពីថ្ងៃពុធ នៅលើផ្សារហ៊ុន New York Mercantile Exchange ខណៈប្រេងឆៅ Brent សម្រាប់ចែកចាយខែកក្កដា បានកើនឡើង ៤,៨ភាគរយ មកបិទនៅតម្លៃ ១១០,១៤ដុល្លារក្នុងមួយបារ៉ែលនៅ London ICE ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top