ព័ត៌មានអន្តរជាតិ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពាវនាវឱ្យរឹបអូស ទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក

បរទេស ៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា ទ្រព្យសម្បត្តិ របស់រុស្ស៊ី ដែលត្រូវបានបង្កក នៅក្នុងសហភាពអឺរ៉ុប ដែលជាផ្នែកមួយ នៃ ការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងមូស្គូជុំវិញជម្លោះជាមួយរដ្ឋាភិបាលទីក្រុងគៀវ គួរតែត្រូវបានរឹបអូស និងបែងចែកសម្រាប់ការកសាងឡើងវិញ នៅក្នុងប្រទេសអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Charles Michel នៅក្នុងកិច្ចសម្ភាសន៍ ជាមួយសារព័ត៌មាន Interfax-Ukraineថា “ខ្ញុំជឿជាក់យ៉ាងមុតមាំថា នេះមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែបង្កក ទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យវាអាចរឹបអូសបាន ដើម្បីធ្វើឱ្យពួកគេមានលទ្ធភាពក្នុងការកសាងប្រទេសឡើងវិញ។ ខ្ញុំជឿជាក់បែបនេះ។

លោកបានបង្ហើបថា លោកបានប្រាប់ ទៅសេវាផ្នែកច្បាប់របស់ក្រុមប្រឹក្សារួចហើយ ឲ្យចេញនូវគំនិតខ្លះដែលអាចធ្វើទៅបាន ដើម្បីស្វែងរកដំណោះស្រាយផ្លូវច្បាប់ ស្របតាមគោលការណ៍ នីតិរដ្ឋ ដែលជួយសម្រួល និងធ្វើឲ្យមានលទ្ធភាពរឹបអូស ទ្រព្យសម្បត្តិរបស់មនុស្ស ដែលត្រូវបានដាក់ទណ្ឌកម្មដោយ EU ឬដោយប្រទេសផ្សេងទៀតក្នុងពិភពលោក» ៕

To Top