ព័ត៌មានអន្តរជាតិ

សកម្មជនបៃតង ៖ ការបញ្ចេញទឹក នុយក្លេអ៊ែរ របស់ជប៉ុន បង្កគ្រោះថ្នាក់ដល់ផលិតផលសមុទ្រ

តូក្យូ៖ សកម្មជនបៃតងកូរ៉េខាងត្បូងម្នាក់ បានឲ្យដឹងថា ផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញចោលទឹកសំណល់ វិទ្យុសកម្ម ពីរោងចក្រថាមពល នុយក្លេអ៊ែរ Fukushima Daiichi របស់ខ្លួនចូលទៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងបង្កគ្រោះថ្នាក់ដល់ ផលិតផលសមុទ្រ និងបំពុលមហាសមុទ្រ បន្ថែមទៀត។

លោក Ahn Jae-hun នាយកផ្នែកថាមពល និងការប្រែប្រួលអាកាសធាតុនៅសហព័ន្ធកូរ៉េសម្រាប់ចលនាបរិស្ថាន ដែលជាក្រុមតស៊ូមតិបៃតង នៅទីក្រុងសេអ៊ូលបានប្រាប់ថា “១១ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីឧបទ្ទវហេតុរោងចក្រ ថាមពល Fukushima បានកើតឡើង ប៉ុន្តែការចម្លងរោគវិទ្យុសកម្ម របស់វាមិនត្រូវបានកាត់បន្ថយ ច្រើននោះទេ”។

ការវិភាគរបស់ក្រុមនៃទិន្នន័យឆ្នាំ២០២១ ពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពរបស់ប្រទេសជប៉ុន បានបង្ហាញថា សារធាតុ Cesium ត្រូវបានរកឃើញពី ៨ភាគរយនៃផលិតផលនេសាទជប៉ុន។

ប្រសិនបើទឹកសំណល់វិទ្យុសកម្មត្រូវបានបញ្ចេញទៅក្នុងមហាសមុទ្រ វានឹងបង្កគ្រោះថ្នាក់ ដល់ផលិតផលសមុទ្រ និងធ្វើឱ្យការបំពុលសមុទ្រកាន់តែស៊ីជម្រៅថែមទៀត។ ទឹកកខ្វក់នឹងរាលដាលយ៉ាងជៀសមិនរួចចូល ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលបំពុលមហាសមុទ្រនៅក្នុងប្រទេសជិតខាងនៃប្រទេសជប៉ុន។

គួរបញ្ជាក់ថា រដ្ឋាភិបាល ជប៉ុន គ្រោង នឹង បញ្ចេញ ទឹក សំណល់ នុយក្លេអ៊ែរ ប្រមាណ ១,២៥ លាន តោន ទៅក្នុង មហាសមុទ្រ រយៈពេល ៣០ ឆ្នាំ ចាប់ពី ឆ្នាំ ២០២៣៕

ប្រែសម្រួល ឈូក បូរ៉ា

To Top