ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធាន អចិន្ត្រៃយ៍ នៃក្រុមការងារប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម នៃក្រសួងបរិស្ថាន បានជំរុញឲ្យមន្ត្រីអនុវត្តច្បាប់ ត្រូវយកចិត្តទុកដាក់ បន្តអនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសសម្អាតប្រាក់ ព្រមទាំងបទល្មើសធនធានធម្មជាតិ ។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ មន្រ្តីអនុវត្តច្បាប់ចំនួន ៤៥នាក់ នៃមន្ទីរបរិស្ថានខេត្តកំពត និងខេត្តកែប នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានថ្លែងថា មន្ត្រីនគរបាលយុត្តិធម៌ នឹងត្រូវពន្លាតលើបទល្មើស នៃការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ករណីរកឃើញថា មានតម្រុយពាក់ព័ន្ធនឹងការសម្អាតប្រាក់ក្នុងសំណុំរឿង ដើមទាក់ទងនឹងបទល្មើសធនធានធម្មជាតិ។
លោក បញ្ជាក់ថា «មន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់ បន្តអនុវត្តច្បាប់ឲ្យបានហ្មឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើន ប្រសិទ្ធភាពខ្ពស់ក្នុង កិច្ចការពារនិងអភិរក្ស ធនធានធម្មជាតិ និង ជាពិសេសទប់ស្កាត់ និងបង្ក្រាបបទល្មើស ទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធ នឹងបទល្មើសធនធានធម្មជាតិ»។
នាឱកាសនោះ លោករដ្ឋលេខាធិការ លើកឡើងថា វគ្គបណ្តុះបណ្តាលនេះ មានសារៈ សំខាន់ណាស់ សម្រាប់មន្ត្រីនគរបាល យុត្តិធម៌និងមន្ត្រីអនុវត្តច្បាប់ នៃក្រសួងបរិស្ថាន ដើម្បីពង្រឹងសមត្ថភាព ចូលរួមប្រយុទ្ធប្រឆាំង នឹងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ក្នុងបទល្មើសដើមពាក់ព័ន្ធ នឹងបទល្មើសធនធានធម្មជាតិ ជាពិសេសបទល្មើសពាក់ព័ន្ធ នឹងព្រៃឈើ និងការជួញដូរសត្វព្រៃដោយខុសច្បាប់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ បានផ្តល់ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ និងមន្ត្រីអនុវត្តច្បាប់នៃមន្ទីរបរិស្ថាន នូវលិខិតបទដ្ឋានគតិយុត្ត និងទទួលបានបទពិសោធពីការ កសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់ ក៏ដូចជានីតិវិធីស៊ើបអង្កេត លើសំណុំរឿង៕