បរទេស៖ គិតត្រឹមថ្ងៃអង្គារម្សិលមិញនេះ ទូរទស្សន៍ BBC បានធ្វើការដកស្រង់ចេញនូវព័ត៌មាន សំខាន់ៗចុងក្រោយបំផុត អំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន ដោយក្នុងនោះ តាមរយៈការព្រមាន ដោយទីភ្នាក់ងារស៊ើបការណ៍ពិសេស របស់អាមេរិកបានជឿជាក់ថា រុស្ស៊ី បានដាក់ផែនការរួចទៅហើយ ក្នុងការធ្វើឲ្យសង្គ្រាម នៅអ៊ុយក្រែនកាន់ តែប្រើប្រាស់ពេលវេលាយូរឡើង ហើយទោះបីជាទទួលបានជ័យជំនះ នៅតំបន់ Donbas ក្តី រុស្ស៊ីនឹងមិនបញ្ចប់សង្គ្រាមនេះ ភ្លាមវិញដែរ។
ក្រៅពីនោះ គេក៏បានដឹងដែរថា កងកម្លាំងយោធារុស្ស៊ី នៅតែបន្តប្រយុទ្ធ ដើម្បីយកទីតាំងមួយចំនួន នៅក្នុងទីក្រុង Mariupol នៅឡើយជាពិសេស រោងចក្រដែក Azovstal metal ដោយក្នុងនោះ យោធាអ៊ុយក្រែន ប្រមាណជា១០០០នាក់ និងពលរដ្ឋស៊ិវិល១០០នាក់ កំពុងតែនៅជ្រកកោន នៅឡើយ។
នៅតំបន់ភាគខាងកើត Izyum គេទើបតែបានប្រកាស ស្វែងរកឃើញផ្នូរ សព ពលរដ្ឋស៊ីវិល ប្រមាណជា៤៤នាក់ នៅពីក្រោមអគារបែកបាក់ តាំងតែពីខែមិនា ខណៈដែលអង្គការសហប្រជាជាតិ បានបង្ហាញការសង្ស័យថា ពលរដ្ឋស៊ីវិល ដែលស្លាប់បាត់បង់ជីវិត នៅទូទាំងប្រទេសអ៊ុយក្រែន បច្ចុប្បន្នអាចមានទៅដល់ ៣៣៨១នាក់ មកហើយ។
បញ្ហាកង្វះខាងអាហារ នៅទូទាំងសកលលោក បានក្លាយជាប្រធានបទថ្មី ខណៈដែលអ៊ុយក្រែន មកដល់ពេលនេះ នៅតែមិនទាន់អាចធ្វើការដឹកជញ្ជូនឡើងវិញ នូវទំនិញប្រភេទ ជាអាហារធញ្ញជាតិ ទៅកាន់
ទីផ្សារអន្តរជាតិ ឡើយដោយសារការរារាំង របស់រុស្ស៊ី នៅតាមបណ្តាទីក្រុងផែសមុទ្រសំខាន់ៗ៕
ប្រែសម្រួល៖ស៊ុនលី