ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ​ ៖​ ២០២០-២០២១​ គឺជាឆ្នាំដ៏លំបាកបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ពិភពលោក ក៏ដូចជាកម្ពុជា​ បណ្តាលមកពីជំងឺកូវីដ

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី​បានថ្លែងថា​ ឆ្នាំ២០២០-២០២១ គឺជាឆ្នាំដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជា​កម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមក​ បណ្តាលមកពីជំងឺកូវីដ-១៩។ 

ក្នុងពិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការអគារសិក្សា ០១ខ្នង ០២ជាន់ ១២បន្ទប់ នៅវិទ្យាល័យរុក្ខគិរី ស្រុករុក្ខគិរី ខេត្តបាត់ដំបង​ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២​២​ សម្ដេច​ ស​ ខេង​ មានប្រសាសន៍​ថា​ “ឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាឆ្នាំដ៏លំបាកបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ ពិភពលោក ក៏ដូចជាកម្ពុជា អាស្រ័យដោយផលប៉ះពាល់អវិជ្ជមាន បញ្ហាប្រឈមនិងហានិភ័យជាច្រើនមិនធ្លាប់មានពីមុនមកបណ្តាលមកពីជំងឺកូវីដ-១៩”។ 

សម្ដេច​ បន្ដថា ជំងឺនេះ មិនត្រឹមតែបង្កបញ្ហាសុខភាព និងបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតប្រជាជន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ សកម្មភាពអាជីវកម្ម ជាច្រើនស្ទើរគ្រប់វិស័យរងផលប៉ះពាល់ ជាពិសេសវិស័យទេសចរណ៍ ខណៈដែល វិស័យអប់រំក៏រងផលប៉ះពាល់ខ្លាំងដោយសារការបិទសាលារៀន ទោះបីសិស្សនៅ អាចរៀនតាមអនឡាញក្តី។

សម្ដេច​ បន្ថែមថា ឱកាសរកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំ ថ្ងៃរបស់ប្រជាជន ក៏ត្រូវរងផលប៉ះពាល់ខ្លាំង ប៉ុន្តែជារួម ក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងភាពស្វាហាប់ជាមួយនឹងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដៃម្ខាងប្រឹងប្រែងប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាមួយជំងឺកូវីដ-១៩ តាមរយៈការកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះ គួបផ្សំជាមួយវិធាន៣ គឺការទប់ស្កាត់ និងរុករកការ ឆ្លង ការពង្រឹងសមត្ថភាពព្យាបាល​ និងការប្រើប្រាស់ថ្នាំ និងការអនុវត្តដោយហ្មត់ចត់ នូវវិធានការរដ្ឋបាល​ និងវិធានការច្បាប់ ដៃម្ខាងទៀតអនុវត្តនូវកញ្ចប់គោលនយោបាយ អន្តរាគមន៍សង្គម និងសេដ្ឋកិច្ច។

សម្ដេច​ ស​ ខេង​ លេីកឡេីងទៀតថា​ ប្រការខាងលើនេះបានធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាប្រទេសមួយក្នុងតំបន់ និងលើសកលលោក ដែលសម្រេចបាននូវការចាក់វ៉ាក់ សាំងជូនប្រជាជនក្នុងកម្រិតមួយខ្ពស់ជាងគេ និងធ្វើឱ្យកម្ពុជាសម្រេចបាននូវភាព សុំក្នុងសហគមន៍នៅត្រឹមដំណាច់ខែតុលា ឆ្នាំ២០២១ សម្រាប់ការការពារអាយុ ជីវិតប្រជាជន និងសម្រាប់ការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចពេញ លេញឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១៕

To Top