ព័ត៌មានជាតិ

អាស៊ាន-អាមេរិក ប្តេជ្ញាបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នាខែវិច្ឆិកា នៅលើទឹកដីកម្ពុជា

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-សហរដ្ឋអាមេរិក នារដ្ឋធានីវ៉ាស៊ីនតោន ភាគីទាំងពីរ (អាស៊ាន-សហរដ្ឋអាមេរិក) បានប្តេជ្ញាបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន- សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលដំណើរទស្សនកិច្ចការងារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា  ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ មេដឹកនាំអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងកសាងទំនាក់ទំនង ដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក ឱ្យកាន់តែទូលំទូលាយថែមទៀត ដែលមិនអាចខ្វះបានចំពោះអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាសម្រាប់តំបន់ និងសហគមន៍ អន្តរជាតិ។ ទំនាក់ទំនងទាំងនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់លើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

ប្រភពដដែលបញ្ជាក់ថា «ក្នុងឱកាសប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២២នេះ ភាគីទាំងពីរប្តេជ្ញាបង្កើត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន- សហរដ្ឋអាមេរិក ដែលប្រកបដោយអត្ថន័យ មានខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមក នៅឯកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា»៕

To Top