ព័ត៌មានអន្តរជាតិ

Update: ហ្វាំងឡង់ ប្រកាសជាផ្លូវការ ចូលរួមជាមួយអង្គការណាតូ

បរទេស៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសហ្វាំងឡង់ បានប្រកាសជាផ្លូវការនូវចេតនារបស់ខ្លួន ក្នុងការចូលរួមជាមួយ សម្ព័ន្ធមិត្តយោធាណាតូ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö និងរដ្ឋមន្ត្រីនានា “បានយល់ស្របថា ប្រទេសហ្វាំងឡង់នឹងដាក់ពាក្យចូលជាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)”។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការចូលប្រទេសហ្វាំងឡង់ទៅក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងតម្រូវឱ្យមានការយល់ព្រម ជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកចំនួន 30 ដែលមានស្រាប់ រួមទាំងប្រទេសតួកគី ដែលបានស្នើថា ខ្លួនអាចវេតូការចូលនេះ។ សេចក្តីថ្លែងការណ៍បន្តបាននិយាយថា របាយការណ៍ស្តីពីសមាជិកភាព ដែលបានគ្រោងទុករបស់ប្រទេសហ្វាំងឡង់ នឹងត្រូវដាក់ជូនសភាជាតិនៅពេល ដែលវាត្រូវបានអនុម័ត នៅក្នុងសម័យប្រជុំពេញអង្គរបស់រដ្ឋាភិបាល។

នាយករដ្ឋមន្ត្រីហ្វាំងឡង់លោកស្រី Sanna Marin បាននិយាយថា “ការសម្រេចចិត្តរបស់យើងគឺជាប្រវត្តិសាស្ត្រ អ្វីដែលសំខាន់បំផុត គឺសុវត្ថិភាពនៃប្រទេសហ្វាំងឡង់ និងប្រជាពលរដ្ឋរបស់យើង។ ការសម្រេចចិត្តនេះពង្រឹងសន្តិសុខ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅតំបន់ Nordic” ។

នាយករដ្ឋមន្ត្រីរូបនេះ បានបន្ថែមថា លោកស្រីរំពឹងថាសភាហ្វាំងឡង់នឹង “ទទួលយកការសម្រេចចិត្ត [លើការចូលរួមណាតូ] ដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវ”៕ ប្រែសម្រួលៈ ណៃ តុលា

To Top