តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានអំពាវនាវឱ្យមាន ការសម្រេចចិត្ត ខាងនយោបាយ របស់សហរដ្ឋអាមេរិក លើកិច្ចចរចានុយក្លេអ៊ែរ នៅទីក្រុងវីយែន ដោយលើកឡើងថា អ៊ីរ៉ង់បានធ្វើសំណើផ្ទាល់ខ្លួនរួចហើយ។
លោក Saeed Khatibzadeh បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍របស់លោកថា “ប្រសិនបើសហរដ្ឋអាមេរិកប្រកាស ការសម្រេចចិត្តផ្នែកនយោបាយរបស់ខ្លួន យើងអាចចាត់វិធានការសំខាន់មួយក្នុងរឿងនេះ” ដោយបញ្ជាក់ឡើងវិញ នូវការទាមទាររបស់អ៊ីរ៉ង់ ដែលថាសិទ្ធិស្របច្បាប់របស់ខ្លួន គួរតែត្រូវបានគោរព និងដកសម្ពាធទាំងអស់ ដែលធ្វើឡើងដោយ អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ។
ដោយសំដៅលើដំណើរទស្សនកិច្ច នាពេលថ្មីៗនេះដោយលោក Enrique Mora ប្រធានអ្នកសម្របសម្រួល សហភាពអឺរ៉ុប សម្រាប់កិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់ Khatibzadeh បានលើកឡើងថា “គំនិតផ្តួចផ្តើមច្បាស់លាស់” និង “ដំណោះស្រាយមួយចំនួន” ត្រូវបានស្នើឡើង ក្នុងកំឡុងដំណើរទស្សនកិច្ចរបស់លោក Mora និង “កិច្ចពិភាក្សាដ៏វែង” ជាមួយលោក Ali Bagheri ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់នៅក្នុង ការពិភាក្សានៅទីក្រុងវីយែន។
អ្នកនាំពាក្យអ៊ីរ៉ង់បានកត់សម្គាល់ថា “ប្រសិនបើសហរដ្ឋអាមេរិក ឆ្លើយតបនឹងសំណើទាំងនេះ យើងនឹងស្ថិតក្នុងទីតាំងមួយ ដែលភាគីទាំងអស់ នឹងត្រឡប់ទៅទីក្រុងវីយែនវិញ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយ” ។
លោក Khatibzadeh ក៏បានសរសើរតួនាទី “ស្ថាបនា” របស់រុស្ស៊ី នៅក្នុងកិច្ចចរចានៅទីក្រុងវីយែន ប៉ុន្តែបានលើកឡើងថា វិបត្តិរុស្ស៊ី-អ៊ុយក្រែនបច្ចុប្បន្ន អាចកាត់បន្ថយតួនាទីអន្តរការីនៅក្នុងកិច្ចចរចា។
កាលពីថ្ងៃសុក្រ ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានលើកឡើងថា កិច្ចពិភាក្សានាពេលថ្មីៗនេះរបស់ Mora នៅទីក្រុងតេអេរ៉ង់ បានទៅ “ប្រសើរជាងការរំពឹងទុក” ។
ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរ នឹងការដកទណ្ឌកម្ម ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕ ប្រែសម្រួល ឈូក បូរ៉ា