ព័ត៌មានជាតិ

Update៖ សម្តេចតេជោ ស្នើអាមេរិកពន្យល់ រឿងរ៉ាវបុរសម្នាក់ គប់ស្បែកជើងលើសម្ដេច

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំណួរ និងស្នើអាមេរិកជួយពន្យល់ ករណីរឿងរ៉ាវបុរសវ័យចំណាស់ម្នាក់ យកស្បែកជើងខ្លួន មកគប់លើរូបសម្តេចនោះ តើអាមេរិកយល់ថា នេះជាសិទ្ធិបញ្ចេញមតិ ឬក៏ហិង្សា? បើអាមេរិក ចាត់ទុកជាសិទ្ធិបញ្ចេញមតិមែននោះ លើពិភពលោកនេះ លែងមានច្បាប់ទម្លាប់ ត្រឹមត្រូវទៀតហើយ ។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ លោក អ៊ុក ទូច បានយកស្បែកជើងរបស់គាត់ គប់សំដៅទៅលើ សម្ដេចតេជោ ហ៊ុន សែន នៅក្នុងចំណោមក្រុមអ្នកគាំទ្រ របស់សម្ដេច រាប់រយនាក់ នៅមុខសណ្ឋាគារមួយ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក មុនពេលសម្ដេចអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ។ ក្រោយសកម្មភាពមិនគប្បី របស់បុរសនេះ រួចមក ប្រជាពលរដ្ឋខ្មែរបានបញ្ចេញមតិរិះគន់ យ៉ាងចាស់ដៃ ទៅលើបុរសរូបនោះថា មិនសមជាមនុស្សរស់នៅ ក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ។

ក្នុងពិធីជួបសំណេះសំណាលជាមួយ គ្រូពេទ្យសម្ដេចតេជោ ប្រឆាំងជំងឺកូវីដ-១៩ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោបានរំលឹក ពីជោគជ័យនៃកិច្ចប្រជុំកំពូល អាសស៊ាន-អាមេរិក ។ បន្ទាប់មក សម្តេចក៏បានលើកពីលោក អ៊ុក ទូចយកស្បែកជើងខ្លួនម្ខាង គប់សំដៅមកលើសម្តេច។

សម្តេចតេជោបន្តថា នៅពេលបុរសនោះ គប់ស្បែកជើងរួចភ្លាម បើសិនជាសម្តេចបណ្ដោយ អ្នកគប់រូបនោះ អាចមានគ្រោះថ្នាក់ហើយ ព្រោះកម្លាំងផ្ទាល់ខ្លួន រួមទាំងកម្លាំងនៅអាមេរិក និងពីទីក្រុងភ្នំពេញ អាចធ្វើសកម្មភាពបានភ្លាម ប៉ុន្តែសម្ដេចបានហាមពួកគេ មិនឲ្យធ្វើសកម្មភាពអ្វីឡើយ។

សម្ដេចតេជោ សង្កត់ធ្ងន់ថា កម្លាំងគាំទ្រសម្ដេច នៅទីក្រុងភ្នំពេញ ក៏បានរៀបចំសកម្មភាពទៅតវ៉ា នៅមុខស្ថានទូតអាមេរិក ប្រចាំកម្ពុជាផងដែរ ប៉ុន្តែសម្ដេចបានបញ្ជាឲ្យពួកគេ កុំធ្វើអ្វីទាំងអស់ នៅអាមេរិកឯណោះវិញ ក៏អត់ឲ្យធ្វើអ្វីដែរ ។

សម្ដេចតេជោបញ្ជាក់ថា «កុំភ្លេចថា ភាគីអាមេរិកខ្លួនឯង ដែលជាអ្នកទទួលខុសត្រូវ លើសន្តិសុខ តើទង្វើគប់បែបនេះ ដោយមានការប៉ុនប៉ងច្បាស់លាស់ (តាំងពីនៅកូរ៉េខាងត្បួង) តើអាមេរិកចាត់ទុកថា នេះជាសិទ្ធិបញ្ចេញមតិ ឬជាអំពើហិង្សា ? អាមេរិកត្រូវគិតឲ្យច្បាស់លើចំណុចនេះ ។ សង្ឃឹមថា ទូតអាមេរិកនៅភ្នំពេញនឹងបញ្ជូនសារនេះ ទៅកាន់រដ្ឋបាលអាមេរិក ។ រឿងនេះមិនមែនជារឿងតូចតាចទេ បើជាសិទ្ធិបញ្ចេញមតិនោះ នៅលើពិភពលោកនេះ គ្មានច្បាប់ទម្លាប់ទេ ហើយនៅកម្ពុជាក៏អីចឹងដែរ នេះមិនមែនការគំរាមទេ តែជាការជម្រាបជូន»។

ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន ក៏មិនទាមទារឲ្យអាមេរិក ដាក់ទោសបុគ្គលគប់ស្បែកជើង លើសម្ដេចនោះទេ ប៉ុន្តែបើច្បាប់អាមេរិក មានការចែងបែបនោះ ក៏សម្រេចតាមច្បាប់អាមេរិក ។ បើសិនច្បាប់អាមេរិក ដាក់ទោសទណ្ឌបុគ្គលនោះ ហើយបុគ្គលនោះ អាចនឹងត្រូវបណ្តេញចេញ ពីអាមេរិក មកកម្ពុជា នោះមិនអាចធានាបានទេ អំពីសុវត្ថិភាពរបស់គាត់ ព្រោះអ្នកគាំទ្រសម្តេច និងពលរដ្ឋខ្មែរនៅកម្ពុជា មានការខឹងសម្បារជំនួសសម្តេច៕

To Top