នយោបាយ

ប្រធាន គ.ជ.ប ប្រាប់ EU ថា ការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀត កាន់តែល្អប្រសើរឡើងជាងមុនៗ

ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់សហភាពអឺរុប (EU) ថា ពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀត ត្រូវបានវាយតម្លៃថា កាន់តែល្អប្រសើរឡើង ជាងការបោះឆ្នោតមុនៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហភាពអឺរ៉ុប ដឹកនាំដោយលោកស្រី ខាមិន ម៉ូរេណូ (Ms Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជា នាថ្ងៃ១៦ ឧសភា លោក ប្រាជ្ញ ចន្ទ បានលើកឡើងពីដំណើរប្រព្រឹត្តជាទូទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួមមាន ប្រវត្តិនៃការរៀបចំការបោះឆ្នោតនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដែលរៀបចំដោយ អ៊ុនតាក់ ក្រោយមកឆ្នាំ១៩៩៨ រៀបចំដោយ គ.ជ.ប ខ្លួនឯង ហើយការបោះឆ្នោតទាំងសកល និងអសកល រៀបចំបានចំនួន ១៧លើក រួចមកហើយ។

លោកបញ្ជាក់ថា «ដូច្នេះពីការបោះឆ្នោតមួយ ទៅការបោះឆ្នោតមួយទៀត ត្រូវបានវាយតម្លៃថា កាន់តែល្អប្រសើរឡើងជាងការបោះឆ្នោតមុនៗ»។

លោកក៏បានរំលេច អំពីការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលមានអ្នកបោះឆ្នោតជាង៩លាន ២សែននាក់ ធៀបនឹងប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត គឺបើគិតជាភាគរយ៨៧.៩៤%។

នាឱកាសនោះ លោកស្រី ខាមិន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបសង្ឃឹមថា ភាគីទាំងពីរ សហភាពអឺរ៉ុប និង គ.ជ.ប នឹងនៅមានកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ទាក់ទងទៅនឹងការបោះឆ្នោតនៅកម្ពុជា ៕

To Top