ព័ត៌មានអន្តរជាតិ

បទវិភាគ៖ កិច្ចប្រជុំកំពូលវិសាមញ្ញ រវាងសហរដ្ឋអាមេរិក និងអាស៊ាន គឺបានផ្តល់សញ្ញាព្រមានដល់ “អនុត្តរភាពបែបអាមេរិក”

កាលពីថៃ្ងទី ១៣ ខែឧសភា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលវិសាមញ្ញ រវាងសហរដ្ឋអាមេរិក និងអាស៊ាន បានបិទបញ្ចប់នៅទីក្រុងវ៉ាស៊ីនតោន

កិច្ចប្រជុំកំពូលលើកនេះដែល ត្រូវសហរដ្ឋអាមេរិក ចាត់ទុកថាជាចំណែកដ៏សំខាន់មួយ នៃអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌ-ប៉ាស៊ីហ្វិក” ពីចេតនាជាក់ស្តែង ដល់ការរៀបចំចាត់ចែងរបៀបវារៈនៃកិច្ចប្រជុំកំពូល រហូតដល់លទ្ធផលចុងក្រោយ សុទ្ធតែបានបង្កឱ្យកើតមានវិវាទជាច្រើន ។ សេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីបញ្ចប់ កិច្ចប្រជុំកំពូលក៏បានខ្វះខ្លឹមសារ ដែលមានលក្ខខណ្ឌគន្លឹះដែរ ។ ឥស្សរជនវិភាគបានលើកឡើងថា នេះជាលទ្ធផលដែលចៀសមិនរួច បណ្តាលមកពីភាពខុសគ្នា ក្នុងការអនុវត្តជាក់ស្តែង និងឥរិយាបថព្រមទាំងការប៉ុនប៉ងរបស់អាមេរិក ដែលចង់បង្កើតជាបក្ខពួក ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ។

គួររំលឹកថា ពីរឿងដែលសហរដ្ឋអាមេរិក បានប្រកាសដោយឯកតោភាគី ពីពេលវេលានៃកិច្ចប្រជុំកំពូលនៅចុងខែមីនា ដើម្បីធ្វើឱ្យអាស៊ាន មិនអាចឆ្លើយតបបានទាន់ពេលវេលារហូតដល់លើកនេះ រដ្ឋាភិបាលអាមេរិក មិនបានរៀបចំចាត់ចែង កិច្ចជំនួបទ្វេភាគីណាមួយក្រោមលេសថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបាន”ជាប់រវល់ខ្លាំង” ។ រឿងលំអិតជាច្រើនសុទ្ធតែបានបញ្ចេញព័ត៌មាន ទៅកាន់មជ្ឈដ្ឋានខាងក្រៅថា៖ និយាយចំពោះកិច្ចប្រជុំកំពូលវិសាមញ្ញលើកនេះ ដែលធ្វើឡើងដើម្បីរំលឹកខួបទី ៤៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ ជាមួយអាស៊ាន តាមពិតទៅ សហរដ្ឋអាមេរិកក៏មិនបានបង្ហាញ ពីសុទ្ធចិត្តរបស់ខ្លួនប៉ុន្មានទេ ។

សូមបញ្ជាក់ថា អាមេរិកខ្វះក្រមសុជីវធម៌ការទូត ហើយការទម្លាក់ថវិកាជាក់ស្តែង ក៏កាន់តែតិចទៅៗដែរ។ លើកនេះ សហរដ្ឋអាមេរិកបានសន្យាថា នឹងវិនិយោគនៅអាស៊ាន ដល់ទៅ ១៥០ លានដុល្លារអាមេរិក ។ ដោយគិតពិចារណាពីសម្ព័ន្ធអាស៊ានរួមមានរដ្ឋសមាជិកចំនួន ១០ ដូច្នេះ គិតជាមធ្យម ការបណ្តាក់ទុននេះ គឺមានភាពតិចតូចណាស់។ ប្រការដែលគួឱ្យមានភាពទទីសទទាសជាងនេះទៅទៀតគឺ កាលពីពីរថ្ងៃមុន សភាតំណាងរាស្ត្រនៃអាមេរិកបានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់ជំនួយប្រហែល ៤ ម៉ឺនលានដុល្លារអាមេរិក ដល់អ៊ុយក្រែន ។ បើប្រៀបធៀបទៅនឹងអ៊ុយក្រែន តើតួនាទីរបស់ប្រទេសអាស៊ានដែលបានធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូល នៅអាមេរិកស្ថិត ក្នុងកម្រិតយ៉ាងណា ?មជ្ឈដ្ឋានខាងក្រៅបានមើលឃើញ យ៉ាងច្បាស់ហើយ ។

សូម្បីតែការវិនិយោគដែលមានទំហំតិចតួចនេះ សហរដ្ឋអាមេរិក ក៏បានធ្វើការរៀបចំចាត់ចែងយ៉ាងច្បាស់ដែរ ពោលគឺ ប្រាក់ទុនដ៏ធំបំផុត ក្នុងចំណោមទាំងនេះ គឺ ៦០ លានដុល្លារអាមរិកនឹងប្រើសម្រាប់គម្រោងទាក់ទង នឹងកិច្ចការសមុទ្រ”ដើម្បីជួយប្រទេសជាដៃគូឱ្យលើកកម្ពស់សមត្ថភាព ការពារដែនសមុទ្ររបស់ពួកគេ “។ ដូចអ្នកវិភាគជាច្រើនបានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនធ្វើឱ្យអ្នកផងចោទជាមន្ទិលសង្ស័យ ចំពោះចេតនាពិតរបស់អាមេរិកដែលប៉ុនប៉ង បន្តបង្កភាពចលាចល នៅសមុទ្រចិនខាងត្បូង ។

សំដៅចំពោះការប៉ុនប៉ង ដែលបង្ខំឱ្យប្រទេសក្នុងតំបន់ឈរ នៅម្ខាងជាមួយអាមេរិក ប្រទេសអាស៊ាន បានដឹងច្បាស់ណាស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ មួយផ្នែក អាមេរិកបានអះអាងថា អាមេរិកគោរពឋានៈ ជាស្នូលរបស់អាស៊ាន ក្នុងកិច្ចការក្នុងតំបន់ មួយផែ្នកទៀត អាមេរិកបែរជាបានបំផ្លិចបំផ្លាញ ដល់សាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន តាមរយៈសកម្មភាពជាបន្តបន្ទាប់ ដូចជាអ្វីដែលហៅថា “ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគី”និង”យន្តការកិច្ចសន្ទនាផ្នែកសនិ្តសុខចតុភាគី “ជាដើម ។ ហេតុនេះហើយបានជា បណ្តាប្រទេសអាស៊ានសុទ្ធតែបានដឹងច្បាស់ អំពីឧបាយកលរបស់អាមេរិក ដែលចង់បង្កើតជាបក្ខពួកដោយយកកិច្ចប្រជុំកំពូលលើកនេះធ្វើជាលេស ។

សំដៅចំពោះរាល់ទង្វើប្រកបដោយសុទ្ធចិត្ត ដែលរីករាយរួមចំណែក ក្នុងការអភិវឌ្ឍដោយសន្តិភាពរបស់ទ្វីបអាស៊ី បណ្តាប្រទេសនៅអាស៊ីសម្តែងការស្វាគមន៍ចំពោះការនេះ តែមិនទទួលយករាល់សកម្មភាព ដែលបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ព្រមនិងបំផ្លាញដល់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់នោះឡើយ ។ កិច្ចប្រជុំកំពូលវិសាមញ្ញរវាងអាមេរិក និងអាស៊ានដែលខ្វះខ្លឹមសារជាក់ស្តែងលើកនេះ គឺជាការដាស់តឿនចំពោះ”អនុត្តរភាពបែបអាមេរិក” ៕ ដោយ: វិទ្យុមិត្តភាព កម្ពុជាចិន

To Top