បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ពីមូលហេតុដែល សេចក្តីប្រាថ្នារបស់អ៊ុយក្រែន ចូលអង្គការណាតូ បណ្តាលឱ្យប្រទេសរុស្ស៊ី មានការបារម្ភជាងប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលបានប្រកាសជាផ្លូវការ កាលពីថ្ងៃអាទិត្យថា ពួកគេកំពុងសម្លឹងមើលការចូលរួម ក្នុងប្លុកយោធាដឹកនាំដោយសហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Dmitry Peskov ប្រាប់អ្នកសារព័ត៌មានថា “យើងមិនមានជម្លោះទឹកដីជាមួយហ្វាំងឡង់ ឬស៊ុយអែត នោះទេ។ អ៊ុយក្រែនអាចមានសក្តានុពលក្លាយជា សមាជិកនៃអង្គការណាតូ ហើយក្នុងករណីនេះ រុស្ស៊ីនឹងមានជម្លោះទឹកដីជាមួយរដ្ឋ ដែលចូលរួមនៅក្នុងសម្ព័ន្ធភាពណាតូ ដែលនឹងនាំមកនូវហានិភ័យ ដ៏ធំសម្រាប់ទ្វីបទាំងមូល។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានសំដៅទៅលើស្ថានភាពជុំវិញតំបន់ Crimea ដែលបានបោះឆ្នោតយ៉ាងលើសលុប ដើម្បីបំបែកជាមួយអ៊ុយក្រែន ហើយក្លាយជាផ្នែកនៃប្រទេសរុស្ស៊ី ក្នុងអំឡុងពេលប្រជាមតិក្នុងឆ្នាំ 2014។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងគៀវ បាននិងកំពុងហៅឧបទ្វីបដែលមាន ប្រជាជនភាគច្រើននិយាយភាសារុស្សីថា “ទឹកដីកាន់កាប់” និងមាន ប្តេជ្ញាថានឹងគ្រប់គ្រងវាវិញជាយថាហេតុ។
ចំណែក ការធ្វើឱ្យប្រាកដថា អ៊ុយក្រែនក្លាយជារដ្ឋអព្យាក្រឹត ដែលនឹងមិនចូលរួមជាមួយណាតូ ត្រូវបានក្រុងម៉ូស្គូចាត់ទុកថា ជាហេតុផលចម្បងមួយសម្រាប់ ប្រតិបត្តិការយោធាដែល កំពុងបន្តនៅក្នុងប្រទេស ៕
ប្រែសម្រួលៈ ណៃ តុលា