ព័ត៌មានជាតិ

ផ្លូវ១ខ្សែរប្រវែង២៥០០ម៉ែត្រ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ត្រូវបានកែលំអរមុនរដូវវស្សា

ស្វាយរៀង ៖ លោកឧត្តមសេនីយ៍ឯកយិន ចាន់ធួនទីប្រឹក្សាសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការកងអន្តរាគមន៍៥៩៤ និងលោកលឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២នេះ បានចុះដឹកនាំយកគ្រឿងចក្រ ចាក់ថ្មមិច លើផ្លូវ១ខ្សែប្រវែង២៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន មុនរដូវវស្សាចូលមកដល់។

បើតាមលោកហួត សាម៉ៃ ចៅសង្កាត់ច្រកម្ទេស ក្រុងបាវិតបានឲ្យដឹងថា ដោយមើលឃើញនូវការលំបាករបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុងការធ្វើដំណើរ ដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃ និងការធ្វើដំណើររបស់កម្មកររោងចក្រ សិស្សានុសិស្ស លោកឧត្តមសេនីយ៍ឯកយិន ចាន់ធួន មេបញ្ជាការកងអន្តរាគមន៍៥៩៤ បានឧបត្ថម្ភថ្មមិចមកចាក់លើផ្លូវប្រវែង២៥០០ម៉ែត្រ ដើម្បីជួសជុលកែលម្អឡើងវិញ ក្នុងនោះលោកលឹម សៀងហេង អភិបាលក្រុងបាវិតក៏បានយកគ្រឿងចក្រ មកឈូសឆាយសម្រួល ដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែមានភាពងាយស្រួលផងដែរ។

លោកចៅសង្កាត់បានបន្តថា ផ្លូវមួយខ្សែនេះ មិនត្រឹមតែសម្រួលដល់ការធ្វើដំណើរ នៅក្នុងសង្កាត់ច្រកម្ទេស តែមួយប៉ុណ្ណោះទេ ប៉ុន្តែវាអាចសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋចំនួន៣ឃុំ សង្កាត់គឺសង្កាត់ច្រកម្ទេស ឃុំព្រៃតាអី ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ហើយក្នុងនាមក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរដែនដី សូមថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ឯកយិន ចាន់ធួននិងលោកស្រី ព្រមទាំងលោកលឹម សៀងហេង អភិបាលក្រុងបាវិតដែលបានខ្វល់ខ្វាយ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ហើយបានសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ ពីអាជ្ញាធរដែនដី ក៏ដូចជាថ្នាក់ដឹកនាំ នៃគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោកលឹម សៀងហេងអភិបាលក្រុងបាវិត បានឲ្យដឹងថាសម្រាប់ការជួសជុល ផ្លូវកែលម្អរ លើផ្លូវនេះ សុំការយោគយល់ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ សូមជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលឡើងវិញផងដែរ ហើយសូមថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ឯកជិន ចាន់ធួននិងលោកស្រី ដែលបានជួយឧបត្ថម្ភទាំងថវិកា ក្នុងការជួសជុល កែលម្អរឡើងវិញជាពិសេស សូមមានការយោគយល់ ពីពលរដ្ឋដែលនាំឱ្យមានការហុយធូលីទៅលើចូលផ្ទះសម្បែងជាដើម។

លោកឧត្តមសេនីយ៍សេនីយ៍ឯកយិន ចាន់ធួនបានថ្លែងថា ការអភិវឌ្ឍប្រទេសអាចដំណើរការទៅបានដោយសារ ប្រទេសជាតិយើង មានសន្តិភាព ហើយសន្តិភាពនេះគឺមានតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាពនេះ ឲ្យគង់វង្សយូរអង្វែង។

លោកឧត្តមេសនីយ៍ឯកបានថ្លែងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ នៅពេលបានផ្លូវល្អហើយនោះត្រូវចេះថែរក្សា អោយបានគង់វង្សយូអង្វែង សម្រាប់ប្រើប្រាស់ ហើយក៏សូមឲ្យបងប្អូនយើងត្រូវចូលរួម គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបន្តថា ដើម្បីឆ្លើយតបនឹងគុណបំណាច់ របស់សម្តេចតេជោ ហ៑ុន សែន សូមអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការគាំទ្រការដឹកនាំ របស់សម្តេចតេជោ និងអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្រ្តីក្នុង២០២៣ និងឆ្នាំបន្តៗទៀតផងដែរ៕

To Top