ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការផ្លាស់ប្តូររយៈពេលខ្លី ដែលបណ្តាលមកពីផលប៉ះពាល់ នៃជំងឺកូវីដ១៩ នឹងមិនកែប្រែនិន្នាការដំណើរការ ដោយនឹងនរ នៃសេដ្ឋកិច្ចចិននោះទេ

ព្រឹកថ្ងៃទី១៦ខែឧសភា សន្និសីទសារព័ត៌មាន នៃរដ្ឋបាលជាតិស្ថិតិរបស់ចិន បានប្រកាសទិន្នន័យសេដ្ឋកិច្ចសំខាន់ៗ នៅខែមេសា ។ ដោយសាររងផលប៉ះពាល់ ពីស្ថានការណ៍អន្តរជាតិ ដ៏តឹងរ៉ឹងនិងស្មុគស្មាញ និងការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងស្រុក សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗ នៅខែមេសារបស់ចិន បានលេចចេញការធ្លាក់ចុះ ។

អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិរបស់ចិន បានលើកឡើងថា នេះជាការផ្លាស់ប្តូររយៈពេលខ្លី ដែលបណ្តាលមកពីផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដែលនឹងមិនកែប្រែនិន្នាការ ដំណើរការដោយនឹងនរ នៃសេដ្ឋកិច្ចចិននោះទេ ហើយក៏មិនកែប្រែលក្ខណៈពិសេស របស់សេដ្ឋកិច្ចចិន ដែលមានភាពធន់និងសក្តានុពលយ៉ាងខ្លាំង និងចន្លោះអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ។

ការតម្កល់ទុកសន្តិសុខអាយុជីវិត និងសុខភាពរបស់ប្រជាជនជាចម្បង ជាគោលការណ៍ជាមូលដ្ឋាន ក្នុងការបង្ការនិងគ្រប់គ្រង ជំងឺកូវីដ១៩របស់ចិន ។
ពិតមែនតែវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩នឹងធ្វើឱ្យផលិតកម្ម និងជីវភាពរស់នៅក្នុងតំបន់មួយចំនួន រងផលប៉ះពាល់ក៏ដោយ ក៏ប៉ុន្តែការពិតជាក់ស្តែងបានបញ្ជាក់ថា មានតែគ្រប់គ្រងបាននូវជំងឺកូវីដ១៩ ដែលជាបញ្ហារំខាន ក្នុងរយៈពេលដ៏ខ្លីនេះ ទើបអាចបង្កើតលក្ខខណ្ឌ ដែលមានអំណោយផល ដល់ការអិវឌ្ឍសេដ្ឋកិច្ច ។

បើមើលពីទិន្នន័យ ដែលរដ្ឋាភិបាលចិន បានប្រកាសកាលពីថ្ងៃទី១៦ ខែឧសភា មិនពិបាកយល់ទេថា ទំហំទីផ្សារដ៏ធំធេងរបស់ចិន នៅតែមានឧត្តមភាពដដែល ហើយនិន្នាការដែលសេដ្ឋកិច្ច ដំណើរការយ៉ាងនឹងនរ ក៏បានបន្តទៅទៀតដែរ ។ ឧទាហរណ៍ដូចជា បើមើលពីសភាពការណ៍ទូទាំងប្រទេស នៅខែមេសាអាចឃើញថា ទំហំទឹកប្រាក់សរុប នៃការលក់រាយផលិតផលប្រើប្រាស់ ក្នុងសង្គមបានឡើងដល់២.៩ទ្រីលានយាន់ប្រាក់ចិន ទំហំសរុបខាងការនាំចេញ នាំចូល គឺ៣.២ទ្រីលានយាន់ប្រាក់ចិន ។
ព្រមពេលជាមួយគ្នានេះ និន្នាការអភិវឌ្ឍន៍ ដែលប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចរបស់ចិន ក៏គ្មានការផ្លាស់ប្តូរផងដែរ ។តម្លៃបន្ថែម នៃរបរផលិតកម្មបច្ចេកទេសខ្ពស់ ដែលមានចំណូលប្រចាំឆ្នាំ លើសពី២០លានយាន់ប្រាក់ចិន នៅខែមេសាបានកើនឡើង៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២១ ដែលមានភាពល្អជាង ឧស្សាហកម្មទាំងអស់ ។

ពីខែមករាដល់ខែមេសា ការវិនិយោគលើឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បានកើនឡើង២២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២១ ។

ទីផ្សារដ៏ធំធេងដែលមានចំនួន ប្រជាជនជាង១ពាន់៤រយលាននាក់ និងក្រុមមនុស្សដែលមានចំណូលមធ្យម ជាង៤រយលាននាក់ មានប្រព័ន្ធឧស្សាហកម្ម ដ៏ល្អពេញលេញ មានរបរផលិតកម្ម ដែលមានសមត្ថភាពផ្គត់ផ្គង់ដ៏ខ្លាំងក្លា ថែមទាំងការបន្តពង្រីកការបើកទូលាយ ជំរុញការកសាង តំបន់ពាណិជ្ជកម្មសេរី និងការអនុវត្តជាក់ស្តែងនូវកិច្ចព្រមព្រៀង RCEP ។ល។ សេដ្ឋកិច្ចប្រទេសចិន កំពុងប្រមូលផ្តុំលក្ខខណ្ឌអនុគ្រោះ ក្នុងការលំនឹងកំណើន ដោយគ្រប់ជ្រុងជ្រោយ ហើយនិន្នាការល្អប្រសើរ នៃសេដ្ឋកិច្ចចិនដែលមានស្ថិរភាព ក្នុងរយៈពេលយូរមិនកែប្រែនោះទេ ។

ហេតុនេះហើយបានជា សហគ្រាសទូទាំងពិភពលោក បានវិនិយោគនៅប្រទេសចិនជាបន្តបន្ទាប់ ។ ពីខែមករាដល់ខែមេសាឆ្នាំនេះ ទំហំប្រើប្រាស់ទុនបរទេស ជាក់ស្តែងនៅទូទាំងប្រទេសចិន គឺ៤សែន៧ម៉ឺន៨ពាន់៦រយ១០លានយាន់ ប្រាក់ចិន ដែលកើនឡើង២០.៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២១ ។ តើនៅមានអ្វីទៀតអាចបង្ហាញ ពីជំនឿចិត្តរបស់ទុនបរទេស ចំពោះសេដ្ឋកិច្ចប្រទេសចិន ជាងការវិនិយោគទុនយ៉ាងប្រាកដប្រជា?

ដូចធាតុអាកាសបានផ្លាស់ប្តូរក្នុងរយៈពេលដ៏ខ្លី តែមិនអាចកែប្រែនិន្នាការក្តៅឡើងវិញ ជាទូទៅបានឡើយ ផលប៉ះពាល់នៃជំងឺកូវីដ១៩ ក៏មិនអាចផ្លាស់ប្តូរនិន្នាការ ដំណើរការយ៉ាងនឹងនរ នៃសេដ្ឋកិច្ចប្រទេសចិននោះទេ ក៏ដូចជាមិនអាចរង្គោះរង្គើ ដល់ការប្តេជ្ញាចិត្តរបស់ចិន ដែលពង្រីកការបើកទូលាយ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះ ជាមួយពិភពលោកផងដែរ ៕ អត្ថបទ វិទ្យុមិត្តភាពកម្ពុជាចិន

To Top