ព័ត៌មានអន្តរជាតិ

លោក Wang Yi រដ្ឋមន្រ្តីការបរទេសចិន ធ្វើជាអធិបតីនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស នៃប្រទេស BRICS នាល្ងាចថ្ងៃទី ១៩ ខែឧសភា

លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន បានធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃប្រទេស BRICS តាមប្រព័ន្ធវីដេអូនៅទីក្រុងប៉េកាំង។ លោកស្រី Naledi Pandorរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាហ្វិ្រកខាងត្បូង, លោកFrançaរដ្ឋមន្ត្រីការបរទេសប្រេស៊ីល, លោក Sergey Lavrovរដ្ឋមន្ត្រីការបរទេសរុស្ស៊ី, និងលោក S. Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌាបានអញ្ជើញចូលរួមកិច្ចប្រជុំលើកនេះ។

ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ បម្រែបម្រួលនិម្មាបនកម្មប្រសព្វគ្នាជាមួយជំងឺរាតត្បាតសកលដែលកម្រមានក្នុងមួយសតវត្សរ៍ ហើយស្ថានភាពអន្តរជាតិលេចចេញលក្ខណៈថ្មីនិងបញ្ហាប្រឈមថ្មីមួយចំនួន។ យើងត្រូវតែទទួលស្គាល់ឱ្យបានច្បាស់នូវទិសដៅ ក្តាប់ជាប់នូវនិន្នាការទូទៅ ប្រមូលផ្តុំគំនិតឯកភាពរួម ពង្រឹងទំនុកចិត្ត និងសម្របខ្លួនទៅតាមការផ្លាស់ប្តូរ ។ លោកបានលើកឡើងនូវចំណុចចំនួន ៤ ៖ ទី១ ខិតខំស្វែងរកចំណុចឯកភាពរួមនៃសន្តិសុខជាទូទៅ ទី២ ខិតខំគូររង្វង់រួមផ្ចិតសម្រាប់ការអភិវឌ្ឍរួម ទី៣ ខិតខំកសាងជញ្ជាំងការពារសម្រាប់សុខភាពមនុស្ស ទី៤ ខិតខំបង្រួមថាមពលវិជ្ជមានសម្រាប់អភិបាលកិច្ចជាសកល។

រដ្ឋមន្ត្រីការបរទេសគ្រប់ៗគ្នាបានថ្លែងថា បច្ចុប្បន្ននេះ ពិភពលោកបាននិងកំពុងស្ថិតក្នុងចំណុចរបត់ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេស BRICS វាពិតជាមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកនេះបានចេញសេចក្តីថ្លែងការណ៍រួមស្តីពី “ការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសBRICS ដើម្បីឆ្លើយតបទៅនឹងលក្ខណៈថ្មី និងបញ្ហាប្រឈមថ្មីនៃស្ថានភាពអន្តរជាតិ”៕ វិទ្យុមិត្តភាពកម្ពុជាចិន ។

To Top