បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារការបរទេសតំបន់អឺរ៉ុប របស់ប្រទេសបារាំងលោក Clement Beaune កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានអះអាងថា មកដល់ពេលនេះគ្មានផ្លូវណាលឿន សម្រាប់អ៊ុយក្រែនក្នុងការចូល ជាសមាជិករបស់សហភាពអឺរ៉ុបឡើយ ហើយវានឹងបន្តក្នុងរយៈពេលដ៏យូរមួយ។
លោក Beaune បានថ្លែងប្រាប់ទៅកាន់វិទ្យុបារាំង Radio J ថា៖ ពួកយើងត្រូវតែមានភាពស្មោះត្រង់។ ប្រសិនបើអ្នកណាម្នាក់និយាយថា អ៊ុយក្រែននឹងអាចចូលរួមសមាជិកអឺរ៉ុប ក្នុងរយៈពេល ៦ខែឬ១ឆ្នាំឬ២ឆ្នាំនោះ ពួកគេជាមនុស្សកហុកនោះទេពីព្រោះថា ពេលនេះអ៊ុយក្រែនយ៉ាង ហោចណាស់ត្រូវកាលពេលដល់ទៅ ១៥ឬ២០ឆ្នាំ។
គួរឲ្យដឹងដែរថា ដើមខែកន្លងទៅនេះ ប្រធានាធិបតីបារាំងលោក Emmanual Macron ក៏ធ្លាប់បានលើកឡើងដែរថា អ៊ុយក្រែនពិតជាត្រូវការពេលវេលាដ៏យូរមួយ ដល់ទៅច្រើនទសវត្សឯណោះ ដើម្បីអាចក្លាយជាសមាជិកអឺរ៉ុបបាន។
គួរឲ្យដឹងដែរថា រុស្សីដែលបានបើកការវាយប្រហារ ទៅលើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងមកនេះ តែងតែបានធ្វើការព្រមានជារឿយៗ រួចមកហើយចំពោះអ៊ុយក្រែនទៅលើបំណងនៃ ការដាក់ពង្រាយយោធារបស់ណាតូ និងការងារដើម្បីក្លាយខ្លួនជាសមាជិក របស់សហភាពអឺរ៉ុបឬណាតូ ៕
ប្រែសម្រួល៖ ស៊ុន លី