បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានឯកភាពជាមួយ នឹងអគ្គលេខាអង្គការសហប្រជាជាតិ លោក Antonio Guterres ចំពោះគំនិតដែលថា ពិភពលោកបច្ចុប្បន្ន កំពុងជួយហនិភ័យ ដើម្បីប្រឈមមុខទៅនឹង គ្រោះអត់ឃ្លាន ជាមិនខាន។
ទោះបីជាយ៉ាងណាក្តី លោកអ្នកនាំពាក្យ វិមានក្រមឡាំង Dmitry Peskov បានចេញមកបញ្ជាក់ប្រាប់ ក្រុមអ្នកកាសែតថា បញ្ហាវិបត្តិអត់ឃ្លាន គឺមានមូលហេតុសំខាន់បំផុត មកពី ទណ្ឌកម្មទាំងឡាយ ដែលបានបង្កើតឡើង ដើម្បីប្រឆាំងរុស្ស៊ី វាមិនមែនបណ្តាលមកពី បញ្ហានៃប្រតិបត្តិការយោធា របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន ឡើយ។
លោក Peskov បានបន្ថែមទៀតថា៖ វាគឺជាការពិត ប៉ុន្តែនៅពេលដែលយើងនិយាយ អំពីបញ្ហាគ្រាប់ធញ្ញជាតិ ប្រធានាធិបតីលោក Putin បានលើកឡើង រួចហើយថាគឺបណ្តាលមកពី ការរឹតត្បិតនិងទណ្ឌកម្មសេដ្ឋកិច្ចទាំងឡាយ ប្រឆាំងនឹងរុស្ស៊ី នោះទេ។ ទណ្ឌកម្មទាំងនោះ បានធ្វើឲ្យមានការដួលរលំ នៃប្រព័ន្ធផ្គត់ផ្គង់អាហារ របស់ពិភពលោក ដែលយើងគ្រប់គ្នា ពេលនេះគឺជាសាក្សី
ដោយផ្ទាល់ភ្នែក។
គួរឲ្យដឹងដែរថា នៅក្នុងជំនួបគ្នានោះ លោក Guterres ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងមូស្គូ ក្នុងការបញ្ឈប់ការរាំងខ្ទប់ អាហារនាំចេញ ពីផែរបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែជាមួយគ្នា ក៏បានបញ្ជាក់ដែរថា
ផលិតផលអាហារ របស់រុស្ស៊ី ក៏នឹងគួរតែត្រូវទទួលបាន ការអនុញ្ញាតិឲ្យអាចធ្វើដំណើរ ចេញទៅកាន់ទីផ្សារពិភពលោក បានដូចគ្នាផងដែរ៕
ប្រែសម្រួល៖ស៊ុនលី