ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ណែនាំវិធានការការពារជាមុន ការចម្លងជំងឺអុតស្វា ខណៈពិភពលោកកំពុងព្រួយបារម្មណ៍

ភ្នំពេញ ៖ ស្របពេលដែលពិភពលោក កំពុងមានការព្រួយបារម្មណ៍ ចំពោះជំងឺអុតស្វានោះ ក្រសួងសុខាភិបាលកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ ពីវិធានការការការពារជាមុន នូវការចម្លងជំងឺអុតស្វា (Monkeypox) ។

វិធានការការពារសំខាន់ៗ របស់ក្រសួងសុខាភិបាល ដែលណែនាំឲ្យពលរដ្ឋត្រូវអនុវត្ត មានដូចខាងក្រោមនេះ ៖
ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា៖ ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្ដៅខ្លួនលើសពី ៣៨,៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរទៅ កន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឲ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាព ដោយក្រុមគ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា។

  • ការដាក់ឲ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬមានការបញ្ជាក់ពីមន្ទីរពិសោធន៍នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។
  • ត្រូវសាកសួរដល់អ្នកនៅជុំវិញជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បី តាមដានរកអ្នកឆ្លងបន្តគ្នា។
  • បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ដែលមានស្រាប់។

សម្រាប់ប្រជាជនទូទៅ៖ ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាតជាមួយសាប៊ូ ឬដែល អាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។ ជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំង ការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺ បានជាសះស្បើយ។ ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ។ បុគ្គលសង្ស័យមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារ ជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃក្នុងអំឡុងពេលធ្វើការ តាមដានសុខភាពរយៈពេល ២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល (ទាំងរដ្ឋ និងឯកជន) ៖ ត្រូវលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជា ចាំបាច់ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវតែអនុវត្តវិធានការការពារផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្ន ដោយមានការគ្រប់គ្រងការ ចម្លងរោគឆ្លងនៅក្នុងមន្ទីរពេទ្យឱ្យបានត្រឹមត្រូវ។ អនុវត្តការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ស្របតាមលក្ខណៈបច្ចេកទេសពេទ្យ ដែលធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយនៅក្នុងបរិបទការពារជំងឺកូវីដ-១៩។ ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះ ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ ជាមួយអ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។

សម្រាប់អ្នកដំណើរចេញចូលអន្តរជាតិ ៖ មន្ត្រីប្រចាំការនៅច្រកចេញ-ចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យបានហ្មត់ចត់អ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយ មានគ្រុនក្តៅ និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែក ខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសបេណាំង (Benin), កាមេរ៉ូន (Cameroon), សាធារណរដ្ឋអាហ្វ្រិកកណ្ដាល (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្វូ (the Democratic Republic of the Congo), ហ្គាបុង (Gabon), ហ្គាណា ដែលរកឃើញនៅលើសត្វតែប៉ុណ្ណោះ (Ghana identified in animalsonly), កូដឌីវ័រ (Ivory Coast), លីបេរី (Liberia), នីហ្សេរីយ៉ា (Nigeria), សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអូន (Sierra Leone), និងប្រទេសស៊ូដង់ខាងត្បូង (South Sudan) ត្រូវរាយការណ៍ទៅអាជ្ញាធរ សុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥ ឬលេខដែលមានជូនខាងក្រោមនេះ៕

To Top