ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់ក្រសួងពាណិជ្ជកម្ម ក៏ដូចជាអ្នកវិនិយោគរបស់កម្ពុជា ត្រូវតែបង្កើនភាពប្រកួត ប្រជែងជាមួយនិងទីផ្សារអន្តរជាតិ អំពីផលិតផលខ្មែរ ពិសេសមុខម្ហូបប្រពៃណីជាតិ លើគ្រប់វេទិកាអន្តរជាតិនានា ទាំងក្នុងតំបន់ និងពិភពលោក ។ នេះជាប្រសាសន៍សម្តេច ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធី “រាត្រីកម្ពុជា” (CAMBODIA NIGHT) រៀបចំដោយក្រុមហ៊ុន WorldBridge Group កាលពីរាត្រីថ្ងៃទី២៤ ឧសភា ។
នាឱកាសនោះ សម្តេចតេជោបានភ្លក់រស់ជាតិមុខម្ហូបប្រពៃណីខ្មែរ និងកោតសរសើរ អ្នកឧកញ៉ាសៀ ឬទ្ធី ដែលបានរៀបចំនូវរាត្រីសមោលសនេះឡើង ដើម្បីបង្ហាញដល់វាគ្មិនអន្តរជាតិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក បានស្វែងយល់ និងភ្លក់នូវមុខម្ហូបប្រពៃណីជាតិ ។
ជាមួយគ្នានោះដែរ អ្នករៀបចំរាត្រីសមោលសកម្ពុជា ដើម្បីបង្ហាញពីផលិតផលខ្មែរ ពិសេសមុខម្ហូបខ្មែរ ចំនួន១១មុខ ជូនវាគ្មិនអន្តរជាតិ ដែលបានអញ្ជើញចូលរូមកិច្ចប្រជុំកំពូល នៃវេទិកាពិភពលោក ឆ្នាំ២០២២ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ អ្នកឧកញ៉ាសៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ គ្រុប បានមានប្រសាសន៍ថា ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ២០០៤ កម្ពុជាបានដើរលើមាគ៌ាយ៉ាងស្វាហាប់ ទាំងក្នុងតំបន់ និងពិភពលោក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា សាធារណរដ្ឋកូរ៉េ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។
អ្នកឧកញ៉ាបន្តថា ភាពជាដៃគូគ្រប់ជ្រុងក្នុងតំបន់ (RCEP) ដែលទើបតែចូលជាធរមាននៅឆ្នាំ២០២២ ត្រូវបាន រំពឹងថា នឹងជំរុញទំនុកចិត្តផ្នែកសេដ្ឋកិច្ចរបស់ប្រទេស និងនាំមកការវិនិយោគដោយផ្ទាល់ ពីបរទេសថ្មីៗ បន្ថែមទៀត។ ជាមួយនិងលទ្ធភាពទាំងអស់នោះ កម្ពុជាគឺជាប្រទេសមួយក្នុង ចំណោមប្រទេសដែលមាន សេដ្ឋកិច្ចទីផ្សារសេរី រីកចម្រើនក្នុងតំបន់។ អ្នកឧកញ៉ាប្រធានក្រុមហ៊ុនមានប្រសាសន៍បន្តថា ក្នុងនាមធុរជនកម្ពុជា អ្នកឧកញ៉ាពិតជាមានមោទនភាពចំពោះអ្វីៗ ដែលប្រទេសកម្ពុជាសំរេច បាន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ។ ប្រទេសកម្ពុជាមានស្ថិរភាព មានការគាំទ្រអាជីវកម្ម និងគាំទ្រវិស័យ ឯកជន ពិសេសស្វាគមន៍អ្នកវិនិយោគមកពីជុំវិញពិភពលោក៕