ព័ត៌មានជាតិ

ក្រុមយុវជនឆ្នើម ៖ ដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗ សម្រាប់រាជរដ្ឋាភិបាល ព្រមទាំងពលរដ្ឋកម្ពុជា

ភ្នំពេញ៖ ក្រុមយុវជនឆ្នើម ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈ បានលើកឡើងថា ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗសម្រាប់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា ព្រមទាំងមានអត្ថប្រយោជន៍ យ៉ាងច្រើនលើសលប់ផងដែរ។

ក្នុងកម្មវិធីប្រកួតនិយាយសាធារណៈស្ដីពី វិធានការពន្ធថ្នាំជក់ វគ្គផ្ដាច់ព្រ័ត្រ នាពេលថ្មីៗនេះ ក្រុមយុវជនឆ្នើម បានឲ្យដឹងថា ទោះបីជាការដំឡើងពន្ធថ្នាំជក់ត្រូវ បានមើលឃើញថា ជាវិធានការឈ្នះៗ ដែលមានអត្ថប្រយោជន៍យ៉ាងច្រើន លើសលុបក្ដី មកទល់សព្វថ្ងៃ ក៏នៅតែមានឧបសគ្គមួយចំនួន ដែលរារាំងមិនឲ្យមានការ ដំឡើងពន្ធថ្នាំជក់នៅកម្ពុជា។

ក្រុមយុវជនឆ្នើម បញ្ជាក់ថា «ផ្ទុយទៅវិញ ការដំឡើងពន្ធថ្នាំជក់ ជាវិធានការឈ្នះៗ សម្រាប់រាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ហើយការដំឡើងពន្ធថ្នាំជក់ មានអត្ថប្រយោជន៍យ៉ាងច្រើនលើសលុប។ ពោល គឺរាជរដ្ឋាភិបាលនឹងចំណេញទាំងចំណូលពន្ធរដ្ឋ​ សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេស ជាពិសេសបន្ទាប់ពីការចំណាយដ៏ច្រើន ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩»។

បន្ថែមពីនេះទៅទៀត ការដំឡើងពន្ធថ្នាំជក់ក៏ជួយឲ្យអត្រាឈឺ ស្លាប់ បង្កពីការប្រើប្រាស់ថ្នាំជក់ថយចុះ។ លើសពីនោះ ក៏រួមចំណែកជួយការពារបរិស្ថានពីការផលិត និងប្រើប្រាស់ថ្នាំជក់ដែលជាប្រធានបទ នៃទិវាពិភពលោកគ្មានផ្សែងបារីនាឆ្នាំ២០២២នេះផងដែរ។

ក្រុមយុវជនបន្ថែមថា ការប្រើប្រាស់ផលិតផលថ្នាំជក់ ជាបន្ទុកមួយសម្រាប់រដ្ឋាភិបាល ដោះស្រាយ ដោយសារការប្រើប្រាស់ផលិតផលថ្នាំជក់បង្កឲ្យប្រជាពលរដ្ឋ ឈឺ ស្លាប់ ពិការ ដែលក្នុងនោះប្រជាពលរដ្ឋកម្ពុជា ប្រមាណ ១៥០០០នាក់ បានស្លាប់ដោយសារតែការជក់បារី។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ថ្នាំជក់ ធ្វើឲ្យខាតបង់ថវិកាប្រមាណ ៦៤៩ លានដុល្លារ ស្មើនឹង ៣ភាគរយនៃផលិតផល ក្នុងស្រុកសរុប របស់កម្ពុជា។

សូមរំលឹកថា បើក្រឡេកមកមើលអត្រាពន្ធថ្នាំជក់វិញ នៅកម្ពុជា មានអត្រាប្រមាណ២៥%-៣១% នៃតម្លៃលក់រាយប៉ុណ្ណោះ ដែលអត្រានេះនៅមានកម្រិតទាបខ្លាំង ធៀបនឹងអត្រាដែលណែនាំ ដោយអង្គការសុខភាពពិភពលោក និងធនាគាពិភពលោក ហើយក៏ជាអត្រាមួយ ដែលទាបជាងបណ្ដាប្រទេស ក្នុងតំបន់អាស៊ានទៀតផង៕

To Top