តូក្យូ៖ ក្រសួងការពារជាតិជប៉ុន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធរួមគ្នាមួយ ដែលមានការចូលរួមពីយន្តហោះចម្បាំង នៅលើសមុទ្រជប៉ុន មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ៣គ្រាប់។
ការហោះហើររបស់យន្តហោះចម្បាំង F-15 ចំនួន៤គ្រឿងពីមូលដ្ឋាន Chitose របស់កងកម្លាំងស្វ័យការពារ ដែនអាកាសជប៉ុន នៅកោះហុកកៃដូ និងយន្តហោះ F-16 ចំនួន ៤គ្រឿងពីមូលដ្ឋានទ័ពអាកាស សហរដ្ឋអាមេរិកនៅ Misawa ខេត្ត Aomori កាលពីថ្ងៃពុធ គឺដើម្បីបញ្ជាក់អំពី “ជំហរត្រៀមខ្លួនរបស់កងកម្លាំងទាំងពីរ។
យោធាអាមេរិកបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា សមយុទ្ធនេះមានគោលបំណង “បង្ហាញពីសមត្ថភាពរួមបញ្ចូលគ្នា ដើម្បីទប់ស្កាត់ និងប្រឆាំងការគំរាមកំហែងក្នុងតំបន់”។
បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ចប់ដំណើរទស្សនកិច្ច លើកដំបូងរបស់លោក ទៅកាន់កូរ៉េខាងត្បូង និងជប៉ុន កូរ៉េខាងជើងបានបន្តការសាកល្បង មីស៊ីលមួយជុំទៀត នៅព្រឹកថ្ងៃពុធ។
មីស៊ីលមួយក្នុងចំណោមមីស៊ីលទាំង ៣គ្រាប់ ដែលកូរ៉េខាងជើង បាញ់ចេញពីឆ្នេរសមុទ្រ ភាគខាងកើតរបស់ខ្លួន គឺជាមីស៊ីលផ្លោងអន្តរទ្វីប នេះបើយោងតាមរដ្ឋាភិបាលកូរ៉េខាងត្បូង។
ការបាញ់មីស៊ីលផ្លោង ដែលជាលើកទី១៥ រួចទៅហើយចាប់តាំងពីដើមឆ្នាំនេះ បានកើតឡើង ខណៈដែលប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បាននឹងកំពុងត្រៀមលក្ខណៈ សម្រាប់ការសាកល្បងនុយក្លេអ៊ែរ ដែលអាចធ្វើទៅបានដោយកូរ៉េខាងជើង៕ ប្រែសម្រួល ឈូក បូរ៉ា