បរទេស ៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger មានអាយុ 99 ឆ្នាំ ត្រូវបានសកម្មជន ដែលមានទំនាក់ទំនង ជាមួយរដ្ឋាភិបាល អ៊ុយក្រែន បានបន្ថែមឈ្មោះ របស់គាត់ចូលក្នុង គេហទំព័រ Mirotvorets (‘Peacemaker’) របស់ពួកគេ ។ ដោយដាក់ស្លាកថា “អ្នកសមគំនិត ក្នុងឧក្រិដ្ឋកម្ម របស់អាជ្ញាធររុស្ស៊ី ” លោក Kissinger ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ បន្ទាប់ពីគាត់បានអំពាវនាវ ឱ្យមានការចរចាសន្តិភាព រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ និងការត្រលប់ទៅស្ថានភាព មុនខែកុម្ភៈវិញ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បង្កើតឡើងក្នុងឆ្នាំ 2014 គេហទំព័រ Mirotvorets ដែលទំព័រដើមមានរូបចម្លាក់ដ៏ក្រៀមក្រំ នៃទាហានរុស្ស៊ីដែលបានស្លាប់ – គឺជាមូលដ្ឋានទិន្នន័យ ដែលអាចស្វែងរកបាន ជាសាធារណៈនៃអ្វីដែលវាហៅថា “ភេរវករនិយមរុស្ស៊ី អ្នកបំបែកខ្លួន ទាហានស៊ីឈ្នួល ឧក្រិដ្ឋជនសង្រ្គាម និងឃាតករ” ។ ទាំងនេះរាប់ចាប់ពីសមាជិក នៃយោធារុស្ស៊ី រហូតដល់អ្នកនយោបាយ លោកខាងលិច ដូចជាលោក Viktor Orban របស់ប្រទេសហុងគ្រី ដែលបានប្រឆាំងនឹងការដាក់ទណ្ឌកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ី ។ វាត្រូវបានគេជឿថា ជាទូទៅថា Mirotvorets ត្រូវបានគ្រប់គ្រង ដោយសេវាសន្តិសុខ អ៊ុយក្រែន (SBU) ។
លោក Kissinger ត្រូវបានវែបសាយ Mirotvorets ចោទប្រកាន់ពីបទ «ផ្សាយរឿងរ៉ាវនៃការឃោសនារបស់ពួកហ្វាស៊ីសនិយមរុស្ស៊ី និងការគំរាមកំហែង… ជាថ្នូរនឹងការកាត់ទឹកដីអ៊ុយក្រែន»។ ការចោទប្រកាន់ ទាំងនេះធ្វើឱ្យគាត់ជា “អ្នកសមគំនិតក្នុងឧក្រិដ្ឋកម្ម របស់អាជ្ញាធររុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែននិងពលរដ្ឋ របស់អ៊ុយក្រែន ។
សូមជម្រាបថា កាលពីដើមសប្តាហ៍នេះ លោក Kissinger បានប្រាប់អ្នកចូលរួមវេទិកា សេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីសថា កិច្ចព្រមព្រៀង សន្តិភាព ត្រូវតែឈានដល់រវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ក្នុងប៉ុន្មាន ខែខាងមុខនេះ ដោយបារម្ភថា ជម្លោះនៅអ៊ុយក្រែន អាចក្លាយជាសង្រ្គាមសកល រវាងណាតូ និងរុស្ស៊ី ។ ដើម្បីធ្វើដូច្នេះ បាន លោក Kissinger បាននិយាយថា យ៉ាងហោចណាស់អ៊ុយក្រែន ត្រូវតែទទួលយកការវិល ត្រឡប់ទៅកាន់ “ស្ថានភាពដែលធ្លាប់មានពីមុន” ឬបោះបង់ការទាមទារទឹកដី របស់ខ្លួនចំពោះតំបន់គ្រីមៀ និងផ្តល់ស្វ័យភាពដល់ Donetsk និង Lugansk សាធារណៈរដ្ឋប្រជាមានិត ៕
ប្រែសម្រួលៈ ណៃ តុលា