ព័ត៌មានជាតិ

ឃុំខ្លួនបុរសចិនម្នាក់ ពាក់ព័ន្ធការចាប់ បង្ខាំងមនុស្ស និងជំរិតទារប្រាក់ចំនួន ជាង៥៦ម៉ឺនដុល្លារអាមេរិក នៅភ្នំពេញ

ភ្នំពេញ៖ បុរសជនជាតិត្រូវចោទ ម្នាក់ កាលពីរសៀលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២២ នេះ ត្រូវបាន ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ចាប់ និង បញ្ជូនទៅឃុំខ្លួន ជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ដោះស្រាយ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង ការចាប់បង្ខាំងបុរសជនជាតិម្នាក់ទៀត ជាជនរងគ្រោះ និង បានជំរិតទារប្រាក់ចំនួន ៥៦៥០០០ ដុល្លារអាមេរិក ពីជនរងគ្រោះ ជាថ្នូរនឹងការដោះលែង អោយមានសេរីភាពវិញ
ប្រព្រឹត្ត នៅក្នុង សង្កាត់បឹងកក់ ២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ កាលពីយប់ ថ្ងៃ ទី ២៧ ខែ ឧសភា ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់ ចៅក្រមស៊ើបសួរ នៃ សាលាដំបូង រាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ WANG ZHANG FU ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន មុខរបររកស៊ី ស្នាក់នៅខុនដូព្រីនស៍ដាយមិនវ័ន ជាន់ទី១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនត្រូវចោទឈ្មោះ WANG ZHANG FU ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទៈ« ចាប់បង្ខាំងមនុស្សខុសច្បាប់ និងជំរិតទារប្រាក់» និង ត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២ បន្ទាប់ពីគាត់បានចាប់ បុរសចិនរងគ្រោះម្នាក់ រុញចូលរថយន្តស្ថិតនៅក្នុង សង្កាត់ បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីនាំខ្លួនជនរងគ្រោះ យកទៅបង្ខាំងខ្លួន នៅកន្លែងស្នាក់នៅ របស់គាត់ និង បានជំរិតទារប្រាក់ចំនួន ជាង៥៦ម៉ឺនដុល្លារអាមេរិក ពីជនរងគ្រោះ ជាថ្នូរនឹងការដោះលែង អោយមានសេរីភាពវិញ៕

ដោយៈលីហ្សា

To Top