ព័ត៌មានជាតិ

តារាសម្ដែងជើងចាស់ លោក​គន្ធ តារា​វណ្ណ មានជំងឺធ្ងន់ធ្ងរ កំពុងសង្គ្រោះនៅមន្ទីរពេទ្យ

ភ្នំពេញ ៖ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានដឹងដំណឹងថា តារា​សម្តែង​ជើង​ចាស់ លោក​គន្ធ តារា​វណ្ណ ពេលនេះកំពុង​ធ្លាក់ខ្លួនមាន​ជំងឺធ្ងន់​ធ្ងរ និងកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយកន្លែង ។

យោងតាមគណនីហ្វេសប៊ុករបស់លោក លោក គន្ធ ជី​វ័​ន្ត ដែលជាកូនប្រុសបង្កើតរបស់តារាសម្ដែងជើងចាស់ខាងលើ បានឱ្យដឹងថា ខណៈពេលនេះស្ថានភាពជំងឺឪពុករបស់លោកកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

លោក គន្ធ ជី​វ័​ន្ត បានប្រើគណនីហ្វេសប៊ុកឈ្មោះ Kun Chivon សរសេររៀបរាប់យ៉ាងដូច្នេះថា «សូមទេវតាវត្ថុស័ក្តសិទ្ធិជួយអោយលោកឪពុកខ្ញុំឆាប់ជាសះស្បើយពីជំងឺ និងរឹងមាំឡើងវិញ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប្រឡូកក្នុងវិស័យសិល្បះភាពយន្តតាំងពីឆ្នាំ១៩៨៦ គាត់ឈ្មោះ គន្ធ តារាវណ្ណ »។ យ៉ាងណាក៏ដោយលោកពុំបានបញ្ជាក់ថាលោក គន្ធ តារា​វណ្ណ មានជំងឺនោះទេ ប៉ុន្តែបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Bunny Chhoun ដែលជាអ្នកជិតដិតនឹងលោក គន្ធ តារា​វណ្ណ បានឆ្លើយតបនៅក្នុងប្រអប់បញ្ចេញមតិថា លោក គន្ធ តារា​វណ្ណមានជំងឺ លើសឈាម ស្ទះទឹកប្រម៉ាត់ និងប៉ោងសសៃឈាម ស្ថិតក្នុងសភាពធ្ងន់។

គួរឱ្យដឹងផងដែរថា លោក ​គន្ធ តារា​វណ្ណ ជាតារាសម្ដែងជើងចាស់មួយរូប ជំនាន់លោក​គង់ សុ​ភី លោក​ចៅ ចាន់​ណា​រី លោក​យស បូ​វណ្ណៈ អ្នក​នាង​អម្ពរ ទេវី អ្នកនាង​ចាន់ តារា​ទី លោក​ខៃ ប្រ​សិ​ដ្ឋ អ្នក​នាង សុខ ស្រី​មុំ និង​អ្នក​នាង​ពិសិដ្ឋ ពិ​លិ​កា ជាដើម ។ លោកបានចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​សំដែងតាំងពី​ឆ្នាំ​១៩៨៦ នៅវ័យ ៥៣ឆ្នាំ និងបាន​ចូលរួម​សម្ដែង​ក្នុង​ខ្សែភាពយន្ដ​រឿង​សម័យ និង​បុរាណ​ប្រហែលជា​១៧០​រឿង ។
ក្រៅតែពីអាជីពជាតារាសម្ដែងហើយនោះ តារាជើងចាស់ដែលស៊ីជាមួយតួអង្គអ្នកមាន និងតួអង្គស្ដេចហើយនោះ លោកក៏មានការងារក្នុងជួរមន្ត្រីរាជការ ជា​មន្ដ្រី​យោធា​ថ្នាក់​ឧត្ដមសេនីយ៍ទោ ​ផ្កាយពីរ​ផងដែរ ៕ដោយ៖ ម៉ានី

To Top