បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ប្រព្រឹត្តទៅនៅព្រឹកនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល។ ឃុំ-សង្កាត់ទូទាំងប្រទេស ក្នុងអាណត្តិទី៥នេះ មានចំនួន១,៦៥២ឃុំ-សង្កាត់។ ចំណែកឯអាសនៈ ក្រុមប្រឹក្សាឃុំ-សង្កាត់វិញ មានសរុបចំនួន១១,៦២២អាសនៈ។
ដោយឡែក ប្រជាពលរដ្ឋ មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សរុបមានចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង៨៧,៩៤ ភាគរយ នៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់។ ប្រជាពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត មានសិទ្ធិស្មើៗគ្នា បោះឆ្នោតម្នាក់មួយសន្លឹកដូចៗគ្នា ដើម្បីបង្ហាញការគាំទ្រ គណបក្សនយោបាយ ដែលខ្លួនពេញចិត្ត។
គិតចាប់ការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់រយៈពេល១៤ថ្ងៃ និងថ្ងៃទី៤ ខែមថុនា ឆ្នាំ២០២២ដែលជាថ្ងៃ ស រហូតមកដល់ព្រឹកថ្ងៃបោះឆ្នោត ថ្ងៃទី៥ ខែមិថុនានេះ បរិយាកាសជារួម នៃដំណើរការបោះឆ្នោត បានប្រព្រឹត្តទៅក្នុងស្ថានភាពសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
សម្រាប់ព្រឹកនេះវិញ ការិយាល័យបោះឆ្នោតនីមួយៗ បានបើកទ្វារទទួលប្រជាពលរដ្ឋ អញ្ជើញមកបោះឆ្នោត ជាមួយនឹងវត្តមាន អញ្ជើញមកបោះឆ្នោត ពីសំណាក់ប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ជាការបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋ បានផ្ដល់ការគាំទ្រខ្ពស់ ដល់ដំណើរប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈយន្តការជ្រើសរើសមេដឹកនាំ ដោយការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
កម្ពុជាបានដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥ដងរួចហើយ រាប់ទាំងការបោះឆ្នោត នៅថ្ងៃនេះ។ ការបោះឆ្នោតអាណត្តិទី១ បានធ្វើឡើងកាលពីឆ្នាំ២០០២ និងជាបន្តបន្ទាប់ នៅឆ្នាំ២០០៧ ឆ្នាំ២០១២ ឆ្នាំ២០១៧ និងឆ្នាំ២០២២នេះ។ តាមរយៈការបោះឆ្នោតនេះ ប្រជាពលរដ្ឋជាអ្នកជ្រើសរើស មេដឹកនាំឃុំចៅសង្កាត់ខ្លួន ដោយផ្ទាល់ជារៀងរាល់៥ឆ្នាំម្ដង ៕