ព័ត៌មានអន្តរជាតិ

ចិនព្រមាន កាណាដា ប្រឆាំងនឹង “ការបង្កហេតុដែលមាន ហានិភ័យ”

បរទេស៖ ប្រទេសចិនបានចោទប្រកាន់កាណាដាថា បានរំលោភបំពានលើទឹកដីរបស់ខ្លួនក្រោមលេសនៃការត្រួតពិនិត្យការអនុលោមតាមច្បាប់របស់ប្រទេសកូរ៉េខាងជើងជាមួយនឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដោយនិយាយថា រដ្ឋាភិបាលទីក្រុងអូតាវ៉ានឹងត្រូវទទួលខុសត្រូវចំពោះការបង្កហេតុបន្ថែមទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា “ប្រទេសចិនជំរុញឱ្យកាណាដាមើលពីភាពធ្ងន់ធ្ងរនៃឧបទ្ទវហេតុនេះ ហើយចៀសវាងការធ្វើសកម្មភាពផ្សងព្រេង ឬសកម្មភាពបង្កហេតុ បើមិនដូច្នេះទេ ផលវិបាកធ្ងន់ធ្ងរទាំងអស់នឹងត្រូវកើតដោយភាគីកាណាដា”។

បញ្ហាគឺជើងហោះហើរល្បាតរបស់យោធាកាណាដា ត្រូវបានផ្តល់សិទ្ធក្នុងការត្រួតពិនិត្យថាតើកូរ៉េខាងជើងកំពុងគេចចេញពីការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិដែរឬទេ។ ទីក្រុង អូតាវ៉ា កាលពីសប្តាហ៍មុនបានចោទប្រកាន់យន្តហោះចម្បាំងរបស់ចិនថាបានរំខានយន្តហោះល្បាតរបស់ខ្លួន ប៉ុន្តែ លោក Zhao បាននិយាយថា ប្រទេសចិនបានចាត់វិធានការស្របច្បាប់ និងដោយបង្ខំ ដើម្បីឆ្លើយតបទៅនឹង “សមយុទ្ធដែលមិនរាក់ទាក់ និងគ្មានវិជ្ជាជីវៈ” ដែលបង្កគ្រោះថ្នាក់ដល់បុគ្គលិកជួរមុខទាំងសងខាង៕ប្រែសម្រួលៈ ណៃ តុលា

To Top