ព័ត៌មានអន្តរជាតិ

ការដាក់សម្ពាធលើអ៊ីរ៉ង់ នឹងមិនអាចដោះស្រាយ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បាននោះទេ

ប៉េកាំង ៖ បេសកជនចិនបានឲ្យដឹងថា ការដាក់សម្ពាធលើអ៊ីរ៉ង់ នឹងមិនអាចជួយដោះស្រាយ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ បាននោញទេ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា ភិបាល របស់ទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (IAEA) បានអនុម័តដំណោះស្រាយ​មួយ ដើម្បីដាក់ទណ្ឌកម្មក្រុងតេអេរ៉ង់។

​ លោក Wang Chang អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការ សហប្រជាជាតិ នៅទីក្រុងវីយែន បានលើកឡើងថា ប្រទេសចិន ​បា​​​​​​​​​​នបោះ​ឆ្នោតប្រឆាំង នឹងដំណោះស្រាយ ដែលស្នើឡើង ដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ដើម្បីរិះគន់អ៊ីរ៉ង់ ចំពោះបញ្ហាការពារនុយក្លេអ៊ែរ របស់ខ្លួននៅក្នុងកិច្ចប្រជុំរបស់ IAEA ។

លោក Wang បានបន្ដថា ប្រទេសចិន ប្រឆាំងទៅនឹងប្រទេសពាក់ព័ន្ធ ដែលដាក់សម្ពាធលើប្រទេស អ៊ីរ៉ង់ ជាមួយនឹងដំណោះស្រាយនេះ ដោយសារយុទ្ធនាការដាក់សម្ពាធ នឹងមិនជួយដោះស្រាយបញ្ហានោះទេ ប៉ុន្តែធ្វើឱ្យភាពតានតឹងកាន់តែខ្លាំង និងធ្វើឱ្យស្ថានការណ៍ កាន់តែតានតឹងឡើង។

លោកបានកត់ សម្គាល់ថា សកម្មភាពប្រឈមមុខដាក់គ្នា បែបនេះនៅក្នុងកិច្ច ប្រជុំក្រុមប្រឹក្សាភិបាល IAEA នឹងធ្វើឱ្យអន្តរាយ ដល់កិច្ចសហប្រតិបត្តិការអ៊ីរ៉ង់- IAEA និងធ្វើឱ្យខូចដល់ការចរចា លើការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលស្ថិតក្នុងដំណាក់កាលសំខាន់ចុងក្រោយ។

កិច្ចពិភាក្សានៅទីក្រុងវីយែន ជុំវិញការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថា ផែនការសកម្មភាពទូលំទូលាយរួម (JCPOA) បានជាប់គាំង ក្នុងប៉ុន្មានខែថ្មីៗនេះ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top