ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ាស៊ី កាលពីថ្ងៃពុធ បានសម្តែងការត្រៀមខ្លួនរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីជាប់លាប់ រួមទាំងតាមរយៈការអនុវត្តគម្រោងសេដ្ឋកិច្ច និងពាណិជ្ជកម្មរួមគ្នា។
វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកពូទីន និងលោក រ៉ាស៊ី បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសរសើរកម្រិតបច្ចុប្បន្ន នៃទំនាក់ទំនងរុស្ស៊ី-អ៊ីរ៉ង់ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ។
ដោយពិចារណាលើស្ថានភាពទាក់ទង នឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប្រធានាធិបតីបានកត់សម្គាល់ ពីតម្រូវការក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ដែលនឹងធានាដល់ការអភិរក្ស និងការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និងដំណោះស្រាយ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ លេខ២២៣១៕ ប្រែសម្រួល ឈូក បូរ៉ា