ព័ត៌មានអន្តរជាតិ

ប្រមុខការពារជាតិចិន-ជប៉ុន នឹងជួបពិភាក្សាគ្នា ចំពេលមានសកម្មភាព ពីកងទ័ពជើងទឹកចិន ក្បែរប្រជុំកោះសេនកាគូ

តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi នឹងជួបជាមួយសមភាគីចិនលោក Wei Fenghe នៅថ្ងៃអាទិត្យនៅខាងក្រៅវេទិកា សន្តិសុខក្នុងប្រទេសសិង្ហបុរី ដើម្បីដោះស្រាយក្តីកង្វល់ ជុំវិញទីក្រុងប៉េកាំង ដែលបានបញ្ជូនកប៉ាល់ម្តងហើយម្តងទៀត នៅជុំវិញប្រជុំកោះ សេនកាគូ ក្នុងសមុទ្រចិនខាងកើត។

ប្រភពបានឲ្យដឹងថាលោក Kishi ក៏អាចលើកឡើងពីសកម្មភាព ដែនសមុទ្រផ្សេងទៀតដោយប្រទេសចិន នៅក្នុងដែនទឹកជុំវិញប្រទេសជប៉ុន ក៏ដូចជាភាពតានតឹងនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់នៅក្នុងកិច្ចប្រជុំផ្ទាល់ លើកដំបូងរវាងប្រមុខការពារជាតិជប៉ុន និងចិនចាប់តាំងពីឆ្នាំ២០១៩ មក ។

អ្នកទាំងពីរនឹង ស្ថិតក្នុងប្រទេសសិង្ហបុរី សម្រាប់កិច្ចសន្ទនា សន្តិសុខប្រចាំឆ្នាំ Shangri-La ដែលគ្រោងនឹងចាប់ផ្តើម នៅថ្ងៃសុក្រផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

ក្តីបារម្ភបានកើនឡើង នៅក្នុងប្រទេសជប៉ុន នៅពេលដែលប្រទេសចិន បន្តបញ្ជូនកប៉ាល់ទៅកាន់ដែនទឹក ជុំវិញតំបន់ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន ដែលទីក្រុងប៉េកាំងទាមទារ និងហៅថាកោះ Diaoyu ជាមួយនឹងបញ្ជូនកប៉ាល់មួយចំនួនចូល ទៅក្នុងដែនទឹករបស់ជប៉ុន។

មន្ត្រីក្រសួងការពារជាតិជប៉ុនម្នាក់ កាលពីខែមុនបានសម្តែងការព្រួយបារម្ភ ចំពោះយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រ ដែលប្រទះឃើញហោះចេញពី និងចុះចតនៅលើនាវាផ្ទុកយន្តហោះចិន Liaoning នៅជិតខេត្តភាគខាងត្បូងនៃកោះ Okinawa ដែលនៅជិតកោះតៃវ៉ាន់។

ប្រទេសចិន និងតៃវ៉ាន់ ត្រូវបានគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីពួកគេបានបែកបាក់គ្នា ដោយសារតែសង្គ្រាមស៊ីវិលក្នុងឆ្នាំ១៩៤៩ ហើយទីក្រុងប៉េកាំង បានចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងថា ជាខេត្តដែលបង្រួបបង្រួមឡើងវិញ ជាមួយដីគោកដោយបង្ខំប្រសិនបើចាំបាច់ ។

ទំនងផងដែរនៅលើរបៀបវារៈ សម្រាប់ការពិភាក្សានឹងមាន សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការសាកល្បងមីស៊ីលម្តង ហើយម្តងទៀតដោយកូរ៉េខាងជើង ក៏ដូចជាស្ថានភាពនៃខ្សែទូរស័ព្ទបន្ទាន់ ដែលជប៉ុន និងចិន បានព្រមព្រៀងគ្នាបង្កើតកាលពីឆ្នាំមុន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top