ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយ នគរបាលខណ្ឌដង្កោ កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ បានបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យ ចំនួន ៥ នាក់ ក្នុង ចំណោម បក្សពួកសរុប ១៧ នាក់ បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពយក ដាវ កាំបិត ពូថៅ និងដំបង ចូលទៅ កាប់ និងវាយបំផ្លាញម៉ូតូ របស់យុវជន ១ក្រុមទៀត ដែលជាសិស្សសាលាជម្ពូវ័ន ប្រព្រឹត្តនៅក្នុងហាងកាហ្វេយីហោ « រីម៉ែមបើ » ស្ថិតនៅក្នុងភូមិព្រៃព្រីង ខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។
មន្រ្តីនគរបាលបានឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់ ដែលត្រូវបាន ឃាត់ខ្លួន មាន ឈ្មោះ៖ ទី ១- ឈ្មោះឌី ម៉ាណែត អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៨ ស្នាក់នៅក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី ២-ឈ្មោះ សាន លាងអាន អាយុ១៥ឆ្នាំ រៀនជួសជុលរថយន្ត ស្នាក់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី៣-ឈ្មោះ ផន ដេវីត អាយុ១៥ឆ្នាំ សិស្សថ្នាក់ទី៨ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ទី ៤- ឈ្មោះ អ៊ុក ចេងរ៉ានី អាយុ ១៥ឆ្នាំ សិស្សថ្នាក់ទី៩ ស្នាក់នៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌ ដង្កោ ។ និងទី ៥- ឈ្មោះ ព្រែក វិសាល អាយុ ១៥ឆ្នាំ សិស្សថ្នាក់ទី៩ ស្នាក់នៅភូមិខ្វា សង្កាត់ ដង្កោ ខណ្ឌដង្កោ ។
ចំណែកឯបក្សពួក ចំនួន ១២ នាក់ ទៀតដែលកំពុង រត់គេច ខ្លួន ត្រូវបានសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ សែ្វងរក និងតាមចាប់ខ្លួន ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ កំពុងតែ កសាងសំណុំរឿង និង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕
ដោយ: លីហ្សា