បរទេស៖ លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយកាលពីថ្ងៃសៅរ៍ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់អ៊ុយក្រែនថា រដ្ឋាភិបាលទីក្រុងគៀវ បានឈានទៅមុខលើ “ផ្លូវអឺរ៉ុប” ប៉ុន្តែត្រូវតែធ្វើបន្ថែមទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា អ៊ុយក្រែន បានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ នៅថ្ងៃទី ២៨ ខែកុម្ភៈ គឺបួនថ្ងៃបន្ទាប់ពីរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធា ក្នុងប្រទេស។ មេដឹកនាំសហភាពអឺរ៉ុបត្រូវបានគេរំពឹងថា នឹងចេញមតិជាផ្លូវការក្នុងអំឡុងពេល កិច្ចប្រជុំកំពូលរបស់ប្លុកនៅថ្ងៃទី 23-24 ខែមិថុនាអំពីថាតើត្រូវផ្តល់ឋានៈជាបេក្ខជន ក្រុងគៀវ ដែរឬទេ។ ការគាំទ្រជាឯកច្ឆ័ន្ទ របស់ប្រទេសជាសមាជិកទាំង ២៧ គឺទាមទារសម្រាប់ការនេះ។
ថ្លែងនៅក្នុងសន្និសីទកាសែត ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចំពេលមានការវាយលុក របស់យោធារុស្ស៊ីដែលកំពុងបន្ត លោកស្រី von der Leyen បាននិយាយថា EU កំពុងធ្វើការ “ទាំងយប់ទាំងថ្ងៃ” លើការវាយតម្លៃរបស់ខ្លួនលើពាក្យសុំ ហើយគ្រោងនឹងបញ្ចប់វា នៅចុងសប្តាហ៍ក្រោយ។
លោកស្រីបញ្ជាក់ថា «អ្នកបានធ្វើច្រើន ក្នុងការពង្រឹងនីតិរដ្ឋ ប៉ុន្តែនៅតែមានការកែទម្រង់ការអនុវត្ត។ ជាឧទាហរណ៍ ដើម្បីប្រឆាំងអំពើពុករលួយ ឬធ្វើទំនើបកម្មរដ្ឋបាល ដែលដំណើរការល្អនេះ ដើម្បីជួយទាក់ទាញអ្នកវិនិយោគ»៕