ព័ត៌មានអន្តរជាតិ

ត្រឹមមួយសប្តាហ៍ អាមេរិកមានករណីធ្លាក់យន្តហោះ MV-22B Osprey,យន្តហោះ MH-60S Seahawk និងយន្តហោះចម្បាំង F/A-18E Super Hornet

បរទេស៖ យោធាអាមេរិកបានបញ្ជាឱ្យ បញ្ឈប់ជាបណ្តោះអាសន្ន នូវបេសកកម្មមិនសំខាន់មួយចំនួន ដើម្បីធ្វើការពិនិត្យឡើងវិញ នូវហានិភ័យ និងកំហុសបច្ចេកទេស បន្ទាប់ពីយន្តហោះ MV-22B Osprey ក៏ដូចជា យន្តហោះ MH-60S Seahawk និង យន្តហោះចម្បាំង F/A-18E Super Hornet បានធ្លាក់ត្រឹមតែមួយសប្តាហ៍ នៅរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម កងទ័ពជើងទឹក កិច្ចការសាធារណៈ បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ថា «ជាលទ្ធផលនៃការធ្លាក់ថ្មីៗនេះ ដែលពាក់ព័ន្ធនឹងយន្តហោះ របស់កងទ័ពជើងទឹកអាមេរិក និងកងម៉ារីន មេបញ្ជាការ កងទ័ពជើងទឹកបានបញ្ជាឱ្យអង្គភាពអាកាសចរណ៍កងទ័ពជើងទឹក ដែលមិនត្រូវបានដាក់ពង្រាយទាំងអស់ ធ្វើការផ្អាកសុវត្ថិភាពនៅថ្ងៃទី១៣ ខែមិថុនា ដើម្បីពិនិត្យឡើងវិញនូវការអនុវត្តការគ្រប់គ្រងហានិភ័យ និងធ្វើការបណ្តុះបណ្តាល ស្តីពីការគំរាមកំហែង និងដំណើរការគ្រប់គ្រងកំហុស»។

យោធាបន្ថែមថា អង្គភាពទាំងនោះដែលត្រូវបាន ដាក់ពង្រាយបច្ចុប្បន្ន ត្រូវបានបញ្ជាឱ្យធ្វើការផ្អាកសុវត្ថិភាពស្រដៀងគ្នានេះ “នៅឱកាសដំបូងបំផុត” ដោយសង្កត់ធ្ងន់ថា ការធានាសុវត្ថិភាព នៃប្រជាជនរបស់យើង នៅតែជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងរបស់យើង៕

ប្រែសម្រួលៈ ណៃ តុលា

To Top