ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ បើកចំហទ្វា ចង់ចរចាជាមួយចិន ដោយស្មើភាព និងគ្មានលក្ខខណ្ឌ

បរទេស៖ នាយករដ្ឋមន្ត្រីនៃកោះតៃវ៉ាន់ លោក Su Tseng-chang កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអំពាវនាវសុំឲ្យ មានការពិភាក្សាគ្នាមួយ ជាមួយនឹងប្រទេសចិន ក្នុងពេលដែលភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ កាន់តែមានភាពលំបាកឡើង ហើយបញ្ជាក់ថា កិច្ចពិភាក្សាគ្នានេះ គួរតែត្រូវបានធ្វើឡើង ដោយមិនមានការកំណត់ លក្ខខណ្ឌជាមុនឡើយ។

លោក Su បានបញ្ជាក់ប្រាប់ទៅកាន់ ក្រុមអ្នកកាសែតថា៖ កោះតៃវ៉ាន់នឹងមិនបិទទ្វា ក្នុងការចរចាជាមួយនឹងចិនឡើយ។ កន្លងមកចិនតែងតែប្រើប្រាស់ វិធីសាស្ត្រគ្រប់បែក យ៉ាងដើម្បីគាបសង្កត់និង
រំលោភបំពាន មកលើកោះតៃវ៉ាន់ ម្តងហើយម្តងទៀត ដោយគ្មានហេតុផល។

សេចក្តីថ្លែងការណ៍របស់លោក Su ត្រូវបានគេមើលឃើញថាធ្វើឡើងបន្ទាប់ ពីរដ្ឋាភិបាលក្រុងប៉េកាំង បានសម្រេចចិត្តផ្អាកការនាំចូលត្រី ទាំងអស់ ពីកោះតៃវ៉ាន់ ដែលរដ្ឋាភិបាលក្រុងតៃប៉ិ បានហៅការ សម្រេចចិត្តនេះ គឺជាការសម្រេចចិត្ត បែបនយោបាយ ប៉ុណ្ណោះ។

ការហាមប្រាមការនាំចូល ត្រីលើកនេះក៏ត្រូវបានធ្វើឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក Wei Fenghe បានបញ្ជាក់ថា៖ មកដល់ពេលនេះចិន នៅតែបន្តស្វែងរកការបង្រួប
បង្រួមដោយសន្តិវិធិជាមួយនឹងកោះតៃវ៉ាន់ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ចិននឹងរក្សាទុកនូវជម្រើសផ្សេងទៀត ផងដែរសម្រាប់កិច្ចការងារនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top