ព័ត៌មានជាតិ

លោក ប៉ាន សូរស័ក្តិ៖ ប្រទេស LDCs ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស ឲ្យក្លាយជាគោលការណ៍ចម្បង នៃប្រព័ន្ធពាណិជ្ជកម្ម ពិភពលោក

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកិច្ចប្រជុំ រដ្ឋមន្ដ្រីប្រទេសអភិវឌ្ឍន៍ តិចតួច (LDCs) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ប្រទេស LDCs ត្រូវបន្តទាមទារប្រព្រឹត្តកម្ម និងការអភិវឌ្ឍពិសេស និងដោយឡែកឲ្យក្លាយ ជាគោលការណ៍ចម្បង នៃប្រព័ន្ធពាណិជ្ជកម្ម ពិភពលោក ។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រី ប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងអំឡុងសន្និសីទ ថ្នាក់រដ្ឋមន្ត្រីលើកទី១២ របស់អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ កាលថ្ងៃទី១២ មិថុនា លោក ប៉ាន សូរស័ក្តិ បានលើកឡើង អំពី បញ្ហាមួយចំនួន ដែលធ្វើឲ្យប្រទេស អភិវឌ្ឍន៍តិចតួច (LDCs) មិនទាន់ទាញយកប្រយោជន៍ ពេញលេញពីប្រព័ន្ធ អនុគ្រោះ ដែលផ្តល់ ជូនប្រទេស LDCs ថ្វីបើបានទទួលនូវជំនួយកសាងសមត្ថភាព និងជំនួយបច្ចេកទេស នាពេលកន្លងមក។

លោកបន្តថា ក្នុងកិច្ចប្រជុំ MC12 និងឱកាសបន្តបន្ទាប់ទៀត ប្រទេស LDCs ទាំងអស់ត្រូវ តែបន្តទាមទារ ជំនួយកសាងសមត្ថភាព និងបច្ចេកទេស តាមរយៈក្របខណ្ឌផ្សេងៗ ឱ្យផ្តល់ជូនដល់ប្រទេស LDCs ដើម្បីមិនត្រឹមតែជួយ ឱ្យប្រទេសទាំងនេះ អាចទាញ យកប្រយោជន៍ឱ្យ បានពេញលេញពី ប្រព័ន្ធអនុគ្រោះ និងអាចធ្វើសមាហរណកម្ម យ៉ាងពេញលេញ ជាមួយប្រព័ន្ធពាណិជ្ជកម្មពហុភាគីប៉ុណ្ណោះទេ ព្រមទាំងអាចជួយ ដល់បរិវត្តកម្ម នៃរចនាសម្ព័ន្ធកាន់ តែធំទូលំទូលាយ ដែលប្រទេស LDCs ត្រូវការដើម្បីអាចរក្សានូវភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់ ។

លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យមានការពង្រឹង កិច្ចសហប្រតិបត្តិការ និងបង្កើនការចូលរួមរបស់ ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Group) នៅក្នុងក្រុមប្រឹក្សា និងគណៈកម្មការអង្គការ WTO ទាំងអស់ ដើម្បីសម្រេចឲ្យបាននូវប្រយោជន៍ ជាអតិបរមាដល់ប្រទេស LDCs ៕

To Top