ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មានអ្នកខ្លះចង់ដាក់អន្ទាក់ ហ៊ុន សែន បែរជាត្រូវចងក ខ្លួនឯង ដូចជាករណី «សញ្ជាតិ»។
ថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រ ក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “អ្នកខ្លះថានឹងធ្វើឱ្យ ហ៊ុន សែន វង្វេងម៉ង “។
សម្ដេចតេជោ បញ្ជាក់ថា បើសិនជា ហ៊ុន សែន វង្វេងមិនមែនឈរជើង ចូលរួមគ្រប់គ្រងអំណាច បានរយៈពេល៤៣ឆ្នាំនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំនិងចោទជាសំនួរថា តើអ្នកវង្វេងដោយសារល្បិច ហ៊ុន សែន ឬក៏អ្នកឯងញុះឱ្យ ហ៊ុន សែន តាមអ្នកឯង។
សម្ដេចតេជោ បញ្ជាក់ថា “អ្នកឯងកុំភ័នច្រឡំ ថាហ៊ុន សែន ដើរចូលអន្ទាក់អ្នកឯង បើអ្នកឯងដើរចូលអន្ទាក់ ហ៊ុន សែន គឺមាន។ តែខ្ញុំមិនដាក់អន្ទាក់អ្នកណានោះទេ ស៊ីសងលើអ្នកឯងដាក់អន្ទាក់ខ្លួនឯង ជាប់ខ្លួនឯងតើ”។
ក្នុងករណីនេះ សម្ដេចបានលើកឡើងនូវឧទាហរណ៍ថា “ដូចរឿងសញ្ជាតិចឹង ចុះឡើងៗ (សារព័ត៌មានណានោះ បានចុះផ្សាយថា ហ៊ុន សែន ទិញសញ្ជាតិ នៅសាយព្រឺស អានោះបានដៃដាក់វឹង បានអានឹងជាអន្ទាក់មួយ កែររដ្ឋធម្មនុញ្ញ ដាក់៤នាក់ (អ្នកមានសញ្ជាតិពីរអត់បានធ្វើនាយករដ្ឋមន្រ្តី ប្រធានសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ)ដាក់គឹប”។
សម្ដេចសង្កត់ធ្ងន់ថា “អានឹងអន្ទាក់ដាក់ខ្លួនឯងតើ យកអន្ទាក់ចងក ខ្លួនឯងទៅ”៕