យេរ៉ូសាឡឹម៖ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល បានបង្កើនការព្រមានអំពី ការធ្វើដំណើររបស់ខ្លួន សម្រាប់ទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងដ៏ធំបំផុតរបស់ប្រទេសតួកគី ដល់កម្រិតខ្ពស់បំផុត ដោយលើកឡើងពីការវាយប្រហារ ដែលអាចកើតមានដោយប្រទេសអ៊ីរ៉ង់។
ការព្រមាននេះធ្វើឡើងចំពេល មានការកើនឡើងចុងក្រោយ នៃភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ដោយសារការបន្តនៃការគំរាមកំហែង និងក្នុងន័យនៃការកើនឡើង នៃចេតនារបស់អ៊ីរ៉ង់ ក្នុងការវាយប្រហារលើជនជាតិអ៊ីស្រាអែល នៅក្នុងប្រទេសតួកគី ជាពិសេសទីក្រុងអ៊ីស្តង់ប៊ុល ក្រុមប្រឹក្សាសន្តិសុខជាតិបានបង្កើន ការព្រមានអំពីការធ្វើដំណើរសម្រាប់ទីក្រុងអ៊ីស្តង់ប៊ុល ដល់កម្រិតខ្ពស់បំផុតគឺកម្រិតទី៤” ។
ក្រុមប្រឹក្សានេះបានអំពាវនាវ ឱ្យជនជាតិអ៊ីស្រាអែលបច្ចុប្បន្ន នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលឱ្យចាកចេញពីទីក្រុង ហើយប្រជាជនអ៊ីស្រាអែល គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសតួកគី ដើម្បីជៀសវាងការធ្វើដូច្នេះ រហូតដល់មានការជូនដំណឹងបន្ថែម។
សេចក្តីថ្លែងការណ៍បានកត់សម្គាល់ថា តំបន់ផ្សេងទៀតនៅក្នុងប្រទេសតួកគី ស្ថិតនៅក្រោមកម្រិត៣ ឬការព្រមានអំពីការធ្វើដំណើរកម្រិតមធ្យម ដោយណែនាំប្រជាជនអ៊ីស្រាអែលឱ្យជៀសវាង “ការធ្វើដំណើរដែលមិនសំខាន់” ទៅកាន់តំបន់នោះ ៕
ប្រែសម្រួល ឈូក បូរ៉ា