យូអិន៖ បេសកជនចិន បានអំពាវនាវដល់ សហគមន៍អន្តរជាតិ ឲ្យផ្តល់ជំនួយស្ថាបនា ដល់ប្រទេសម៉ាលី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ ប្រទេសចិនបានថ្លែងថា ស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសម៉ាលី មានភាពស្មុគ្រស្មាញដោយសារកត្តាមួយចំនួន ហើយសហគមន៍អន្តរជាតិគួរតែ “បង្កើនការយល់ដឹងអំពីយុទ្ធសាស្ត្ររបស់ខ្លួន តម្រៀបការចែកចាយ កំណត់អាទិភាព និងផ្តល់ជំនួយក្នុងន័យស្ថាបនា” ។
លោកបានលើកឡើងថា សហគមន៍អន្តរជាតិត្រូវតែគាំទ្រ យ៉ាងសកម្មដល់កិច្ចខិតខំប្រឹងប្រែង ប្រឆាំងភេរវកម្មរបស់ប្រទេសម៉ាលី ដោយកត់សម្គាល់ថា ប្រទេសម៉ាលី ស្ថិតនៅជួរមុខនៃការប្រឆាំង ភេរវកម្មនៅទ្វីបអាហ្វ្រិក ហើយថ្មីៗនេះបានអនុវត្តដោយជោគជ័យ មួយចំនួននៃប្រតិបត្តិការ យោធាប្រឆាំងភេរវកម្ម។
លោកបន្ដថា “យើងគួរតែផ្តោតលើរូបភាពធំ និងបញ្ហាប្រឈមជារួមនៃ ការប្រឆាំងភេរវកម្មនៅទ្វីបអាហ្រ្វិក ផ្តល់ការគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលម៉ាលី ទាក់ទងនឹងការផ្តល់មូលនិធិ បរិក្ខារ និងការស៊ើបការណ៍សម្ងាត់ និងគោរពសិទ្ធិស្វ័យភាពរបស់រដ្ឋាភិបាលម៉ាលី ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការ ផ្នែកសន្តិសុខជាមួយរបស់ខ្លួន និងភាគីខាងក្រៅ”។
ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស ដែលបានលើកឡើង ដោយប្រទេសមួយចំនួន លោក Zhang បានរំលឹកឡើងវិញនូវគោលជំហរ របស់ប្រទេសចិនថា សកម្មភាពប្រឆាំងភេរវកម្មគួរតែគោរព និងការពារសិទ្ធិមនុស្ស ខណៈពេលដែលប្រឆាំងនឹងស្តង់ដារទ្វេរដង លើការប្រឆាំងភេរវកម្ម និងនយោបាយនៃបញ្ហាសិទ្ធិមនុស្ស។
គួរបញ្ជាក់ថា រដ្ឋាភិបាលម៉ាលីនាពេលថ្មីៗនេះ បានប្រកាសពីដំណាក់កាលអន្តរកាលថ្មីមួយ ហើយបានបង្កើតគោលដៅ នៃការស្តារឡើងវិញនូវសណ្តាប់ធ្នាប់ រដ្ឋធម្មនុញ្ញតាមរយៈការបោះឆ្នោត ៕
ប្រែសម្រួល ឈូក បូរ៉ា