ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ប្រកាសឱ្យពលរដ្ឋ របស់ខ្លួន ចាកចេញពី ប្រទេសតួកគី

បរទេស ៖ រដ្ឋាភិបាល អ៊ីស្រាអែល បានចេញការព្រមាន អំពីការធ្វើដំណើរ សម្រាប់ទីក្រុង អ៊ីស្តង់ប៊ុល និងបានលើកឡើង អំពីការជូនដំណឹងអំពីអំពើភេរវកម្ម កម្រិតខ្ពស់បំផុត បន្ទាប់ពីក្រុមមន្ត្រីបានអះអាងថា បានបិទផែនការវាយប្រហារ របស់អ៊ីរ៉ង់ជាច្រើន ដែលផ្តោតលើភ្ញៀវ ទេសចរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសលោក Yair Lapid បានប្រកាសពីទីប្រឹក្សាថ្មី សម្រាប់ទីក្រុងតួកគី កាលពីថ្ងៃចន្ទ ដោយលើកឡើងពី “ការប៉ុនប៉ងជាបន្តបន្ទាប់ នៃការវាយប្រហារភេរវកម្ម របស់អ៊ីរ៉ង់ប្រឆាំងនឹងជនជាតិអ៊ីស្រាអែល ដែលបានទៅវិស្សមកាល នៅទីក្រុងអ៊ីស្តង់ប៊ុល” ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។

លោកបន្តថា “យើងបានអំពាវនាវ ដល់ប្រជាជនអ៊ីស្រាអែល កុំឱ្យហោះហើរទៅកាន់ទីក្រុង អ៊ីស្តង់ប៊ុល ហើយប្រសិនបើអ្នក មិនមានតម្រូវការចាំបាច់ទេ កុំហោះហើរទៅកាន់ប្រទេសតួកគី។ ប្រសិនបើអ្នក នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលរួចហើយ សូមត្រលប់ទៅ អ៊ីស្រាអែលវិញឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន… គ្មានវិស្សមកាលណាមានតម្លៃ សម្រាប់ជីវិតរបស់អ្នកឡើយ” ។

សេចក្តីថ្លែងការណ៍ របស់លោក Lapid ស្របពេលជាមួយនឹងការសម្រេចចិត្ត របស់ការិយាល័យប្រឆាំងភេរវកម្មរបស់អ៊ីស្រាអែល ក្នុងការបង្កើនកម្រិតប្រកាស អាសន្នសម្រាប់ទីក្រុង អ៊ីស្តង់ប៊ុល ដល់កម្រិតកំពូល ដែលជាភាពខុសគ្នាមួយ ដែលត្រូវបានចែករំលែក ជាមួយប្រទេស អាហ្វហ្គានីស្ថាន និងយេម៉ែនដែលហែកហួរ ដោយសង្រ្គាម “បានផ្តល់ការគំរាមកំហែងបន្ត និងចេតនា របស់អ៊ីរ៉ង់ ក្នុងការធ្វើឱ្យអ៊ីស្រាអែល ឈឺចាប់” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top