ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឡាវ ស្នើឱ្យពិនិត្យឡើងវិញ នូវគោលដៅសេដ្ឋកិច្ចសំខាន់ៗ ចំពេលអតិផរណាកើនឡើង 

វៀងច័ន្ទ៖ រដ្ឋាភិបាលឡាវបានស្នើ ឱ្យរដ្ឋសភាពិចារណា និងអនុម័តលើគោលដៅ ម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗមួយចំនួនដែលត្រូវបានកែសម្រួល សម្រាប់ឆ្នាំ២០២២ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។

ទេសាភិបាលធនាគារ កណ្តាលឡាវ Sonexay Sitphaxay បានបង្ហាញរបាយការណ៍មួយទៅកាន់សម័យប្រជុំរដ្ឋសភា ដែលកំពុងបន្តកាលពីថ្ងៃអង្គារ ដោយរៀបរាប់លម្អិតអំពីគោលដៅដែលបានកែសម្រួល ដែលត្រូវសម្រេចដោយរដ្ឋាភិបាលនៅចុងឆ្នាំនេះ។

នៅក្រោមសំណើនេះ ភាពបត់បែននៃប្រាក់គីបឡាវ/អាមេរិក  អត្រាប្តូរប្រាក់ដុល្លារ ដែលបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យមានការប្រែប្រួលក្នុងរង្វង់បូក ឬដក ៥ ភាគរយក្នុងមួយឆ្នាំ នឹងត្រូវបានកែប្រែទៅកម្រិតមួយ ដែលមិនបង្កើតសម្ពាធអតិផរណាសម្រាប់រដ្ឋាភិបាល។

អត្រាអតិផរណាជាមធ្យមបច្ចុប្បន្នត្រូវបានកំណត់នៅអតិបរមា ៥ភាគរយ ប៉ុន្តែនឹងត្រូវបានដំឡើងដល់ ១២ ភាគរយនៅឆ្នាំ២០២២ ។ រដ្ឋាភិបាលក៏បានស្នើសុំឱ្យដំឡើងប្រាក់ M2 ពី ២២ភាគរយទៅ ២៨ភាគរយ ដោយសារការបន្តធ្លាក់ថ្លៃនៃប្រាក់គីប។

ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលបង្កឡើងដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន និងជំងឺរាតត្បាតកូវីដ-១៩៕ប្រែសម្រួល ឈូក បូរ៉ា

To Top