ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និង ជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខណ្ឌ អនុវត្តការជំរុញបង្កើន ការងារថែទាំសុខភាព បឋម «ក.ជ.ថ.ស.ប» បានថ្លែងថា មកដល់ពេលនេះ ទោះបីគ្រប់គ្រងជំងឺកូវីដ-១៩ បានក៏ដោយ តែមិនទាន់មានសុវត្ថិភាព១០០% នោះទេ គឺអាស្រ័យ លើការយល់ឃើញ និងឥរិយាបថរបស់ប្រជាជន ក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល។
ក្នុងពិធីបិទ កម្មវិធីសិក្ខាសាលាតម្រង់ទិស ស្ដីពីការចូលរួមរបស់សហគមន៍ ដើម្បីពង្រឹងការតាមដានជំងឺកូវីដ-១៩ ជំងឺផ្ដាសាយ និងជំងឺផ្លូវដង្ហើមផ្សេងៗ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា កម្ពុជាគ្រប់គ្រងបានការរាតត្បាតជំងឺកូវីដ-១៩ ដោយក្នុងរយៈពេលមួយខែកន្លងមក តាមរបាយការណ៍ របស់ក្រសួងសុខាភិបាល បានបង្ហាញថា មិនមានករណីឈឺ និងមិនមានករណីស្លាប់នោះឡើយ។
លោកស្រីបន្ដថា ផ្អែកលើបទពិសោធន៍នៃការគ្រប់គ្រង និងការឆ្លើយតបនឹងជំងឺកូវីដ-១៩ បានឲ្យឃើញថា ការចូលរួមរបស់បណ្ដាញសហគមន៍ នៅក្នុងការអនុវត្តន៍វិធានការការពារការចម្លងជំងឺនានា គឺជាចំនុចសំខាន់ ក្នុងការចូលរួមចំណែកសម្រេចបានជោគជ័យ នូវកិច្ចការឆ្លើយតបទៅនឹងជំងឺកូវីដ។
លោកស្រីរដ្ឋលេខាធិការ បញ្ជាក់ថា «មកដល់ពេលនេះ ទោះបីគ្រប់គ្រងជំងឺកូវីដ-១៩ បានក្តី តែក៏មិនទាន់មានសុវត្ថិភាពពីជំងឺកូវីដ-១៩ បាន ១០០% នោះទេ គឺអាស្រ័យ ទៅលើការយល់ឃើញ និងឥរិយាបថរបស់ប្រជាជនក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា ការទៅទទួលការចាក់វ៉ាក់សាំង ការតាមដានឃ្លាំមើលស្ថានភាព នៃជំងឺកូវីដ-១៩ ក៏ដូចជា ជំងឺឆ្លងផ្សេងៗទៀតក្នុង សហគមន៍រៀងៗខ្លួន និងការរាយការណ៍ ដើម្បីឲ្យមានការឆ្លើយតបទាន់ពេលវេលា»។
លោកស្រីបន្ថែមថា ការតាមដានស្ថាន ភាពជំងឺកូវីដ-១៩ ក៏ដូចជាជំងឺផ្សេងៗមិនអាចធ្វើដោយមន្ត្រីសុខាភិបាលតែមួយទេ ការតាមដានតាម ប្រភពចម្រុះ មានក្រុមទ្រទ្រង់សុខភាពភូមិ វត្តអារ៉ាម សាលារៀន និងប្រជាជនក្នុងភូមិនឹងជួយឲ្យឆាប់ដឹង អំពីបញ្ហាសុខភាពនៅក្នុងភូមិបានលឿន និងរាយការណ៍បានរហ័ស ព្រមទាំងឆ្លើយតបបានទាន់ពេលវេលា។
លើសពីនេះ លោកស្រី ឱ វណ្ណឌីន លើកឡើងថា យ៉ាងណាមិញ ការផ្លាស់ប្តូរឥរិយាបថមិនមែនធ្វើឡើង តាមរយៈតែការបណ្តុះបណ្តាលទេ តែសកម្មភាពសំខាន់ និងចាំបាច់ គឺសកម្មភាពនៅនឹងសហគមន៍ ដែលតម្រូវឲ្យសហគមន៍យល់ ពីសារៈប្រយោជន៍ នៃការ រក្សាសុខភាព តាមដានសុខភាពក្នុងគ្រួសារ និងក្នុងភូមិ ព្រមទាំងស្វែងរកព័ត៌មានត្រឹមត្រូវ ៕